
ភ្នំពេញៈ សាកសពនារីម្នាក់ វ័យប្រមាណ២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកស្រះ នៅក្នុងវត្តនាគវ័ន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្រះទឹកក្នុងវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីបុរសចំណាស់ម្នាក់ ឈ្មោះ ជុង សុខនី អាយុ៤៥ឆ្នាំ ដែលជាអ្នកមើលថែរក្សានៅក្នុងវត្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដើរល្បាតត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព ក្នុងបរិវេនវត្ត រួចគាត់ក៏បានទៅសម្រាកនៅលើអង្រឹងនៅក្បែរព្រះវិហារវិញ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានក្មេងប្រុសម្នាក់ ឈ្មោះ មែន បានរត់មកប្រាប់ថា ឃើញសពអណ្តែតក្នុងទឹកស្រះកើតហេតុខាងលើ ដោយមិនអស់ចិត្តគាត់ក៏ដើរទៅមើល ហើយក៏បានឃើញសាកសពអណ្តែតទឹកស្រះពិតប្រាកដមែន គាត់ក៏បានរត់ទៅហៅប្រជាការពារភូមិ ឲ្យទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុផ្ទាល់តែម្តង។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា សាកសពនារីអណ្តែតខាងលើ គឺមានសតិមិនគ្រប់នេះទេ រយៈពេលពីរទៅបីខែមកហើយ គេឃើញនាងមកអង្គុយលេងនៅក្នុងបរិវេណវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងផ្ទះសំបែងនៅឯណានោះទេ ហើយមិនដឹងថា យ៉ាងម៉េចបានជាស្លាប់ក្នុងទឹកស្រះទៅវិញ។


តែបើតាមការពិនិត្យ ធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ក្រោយពីពិនិត្យរួច សាកសពដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំស្រាវជ្រាវស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕