Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ផលិតករចិន គ្រោងចំណាយទុក២លានដុល្លារ អាមេរិកផលិត ខ្សែភាពយន្ត ខ្នាតធំនៅកម្ពុជា។ ខ្សែភាពយន្ត «ពន្លកស្នេហ៍ដុះលើដីកម្ពុជា» ក្រោយពីការផលិតរួចរាល់ ខ្សែភាពយន្តមួយនេះ នឹង យកទៅចូលរួមប្រកួតប្រជែង ក្នុងមហោស្របភាពយន្តពិភពលោក ដែលនឹងប្រារព្ធឡើង នៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក នាខែមេសា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីប្រកាស ចាប់ផ្តើមថតភាពនេះ ជាមួយពិធីសម្ពោធសណ្ឋាគារព្រីនស៍ ថាម ហូថេល នៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ លោក ជៀង យុនមីន(Jiang Yunmin) អ្នកដឹកនាំរឿង នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត(ខេមបូឌា) គ្រុប បានឱ្យដឹងថា ភាពយន្តដែលថតនៅលើទឹកដីកម្ពុជា ដើម្បីយកទៅចូលរួមប្រកួតប្រជែង ក្នុងមហោស្របភាពយន្តពិភពលោក សហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយនេះ មានចំណងជើងថា «ពន្លកស្នេហ៍ដុះលើទឹកដីកម្ពុជា» ដោយតួអង្គមានការបញ្ចូលគ្នា រវាងតារាកម្ពុជា និងតារារបស់ប្រទេសចិន។

លោកបានឱ្យដឹងថា ខ្សែភាពយន្ត «ពន្លកស្នេហ៍ដុះលើដីកម្ពុជា» នឹងត្រូវបានថត នៅនឹងទីតាំងផ្ទាល់មួយចំនួនដូចជា នៅរាជធានីភ្នំពេញ ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប កោះរ៉ុងក្នុងខេត្តព្រះសីហនុ ភ្នំបូកគោក្នុងខេត្តកំពត ជាដើម។

ចំណែកឯទេសភាព ក្នុងប្រទេសចិនត្រូវបាន ជ្រើសរើសថតនៅក្នុងក្រុង Teng Chong សង្កាត់ Qiao Xiang ក្រុង Kun Ming ខេត្ត អ៊ីនណាន។

លោកបន្តថា ខ្សែភាពយន្តទាំងមូល គឺផ្តោតទៅលើស្នេហាយុវវ័យកម្ពុជា និងចិន ដែលជាស្នេហាស្មោះស្ម័គ្រ ឆ្លងប្រទេសជាគោលចំបង។ ស្ថិតក្នុងស្នេហាឆ្លងប្រទេស តួអង្គមានមនោសញ្ចេតនា ស្នេហារ៉ូមេនទិច និងមានភាពទាក់ទាញខ្លាំង។ លោកថ្លែងថា «ដើម្បីធានាដល់គុណភាពនិពន្ធសាច់រឿង ខ្សែភាពយន្ត “ពន្លកស្នេហ៍ដុះលើដីកម្ពុជា” ត្រូវបាននិពន្ធដោយលោក Lin Jie អ្នកនិពន្ធលំដាប់កំពូលថ្នាក់ជាតិ នៃប្រទេសចិន និងអ្នកដឹកនាំជនជាតិចិន ដ៏ល្បីល្បាញលោក Jiang Yun Min។

ចំណែកតួឯកប្រុស ជាតារាសម្តែងប្រចាំប្រទេសចិន ដែលប្រកបដោយបទពិសោធន៍យ៉ាងច្រើន គឺលោក Sun Xu Bo ចំពោះតួឯកស្រីគឺជាតារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ប្រចាំប្រទេសកម្ពុជា គឺកញ្ញា ផាន់ ផាត់ណា។ ក្រៅពីនេះ តារាសម្តែងប្រចាំប្រទេសចិន គឺលោក Yang Jing Er និងលោក Ma Hei A Yi ព្រមទាំងតួសម្តែងជនជាតិបារាំង ជនជាតិឆែក ក៏បានចូលរួមសម្តែង ក្នុងខ្សែភាពយន្តនេះផងដែរ»។

លោក គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការថតខ្សែភាពយន្តនេះ គឺជាការជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈវប្បធម៌។ លោកមានប្រសាសន៍ថា ការផលិតខ្សែភាពយន្តចិន នៅកម្ពុជានាពេលនេះ ស្របពេលដែលទំនាក់ទំនងការទូត រវាងប្រទេសចិន និងកម្ពុជា បានឈានឡើងដល់កម្រិតកំពូល លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសិល្បៈវប្បធម៌ផងដែរ។ ជាក់ស្តែងជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរ តែងតែបានផ្លាស់ប្តូរទស្សនកិច្ច និងបានរៀបចំកម្មវិធីសម្តែងសិល្បៈ ក៏ដូចជាការបញ្ចាំងខ្សែភាពយន្ត នៅប្រទេសទាំងពីរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថា ការផលិតខ្សែភាពយន្តនេះ នឹងរួមចំណែកដល់ការផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក និងទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់គោលនយោបាយឱ្យកម្ពុជា ក្លាយជាដែនដីថតភាពយន្តបរទេស តាមរយៈជំរុញការថតភាពយន្តក្នុងស្រុក និងទាក់ទាញផលិតករបរទេស ឱ្យមកថតភាពយន្តនៅកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor