ឯកឧត្តម ជុំ កុសល ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រាស់តែងតាំងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាទីប្រឹក្សាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ ឋានៈស្នើរដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ជុំ កុសល បានសម្តែងនូវសេចក្តីរីករាយ និងដឹងគុណចំពោះសម្តេច ហ៊ុន សែន។ តាមរយៈហ្វេសប៊ុករបស់ ឯកឧត្តម មានសំណេរថា៖ ខ្ញុំសូមលើកម្រាមដៃបង្គំសំពះអរគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទនូវឋាន:តួនាទីជាទីប្រឹក្សាសម្តេច និងជារដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងអាណត្តិទី៦នេះ។
លើសពីនេះទៅទៀត ឯកឧត្តម ជុំ កុសល បានបន្ថែមថា៖ នេះគឺជាមហាកិត្តិយសមិនអាចកាត់ថ្លៃបានចំពោះខ្ញុំបាទដែលជាកូនកសិករ និងអតីតជាគ្រូបង្រៀនមួយរូបមានដើមកំណើតនៅក្នុងខេត្តក្រចេះ មានវាសនាបានជួយធ្វើកិច្ចការជូនថ្នាក់ដឹកនាំប្រទេស បម្រើជាតិ បក្សនិងប្រជាពលរដ្ឋ ។ ជាការឆ្លើយតបទៅនឹងមាហាគុណនិងមាហាកិត្តិយសដែលសម្តេចតេជោបានផ្តល់ជូនក្នុងពេលនេះ ខ្ញុំបាទ សូមប្តេជ្ញាចិត្តថានឹងខិតខំប្រតិបត្តិការងារឱ្យបានល្អបំផុត។
ចុងបញ្ចប់អតីតគ្រូបង្រៀនរូបនេះបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីតាមថែរក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមអោយលោកមានសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរនិងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំប្រទេសអោយកាន់តែ
មានការរីកចំរើននិងសូម សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ បុត្រី ចៅប្រុស ចៅស្រីជួបតែសេចក្តីសុខនិងព្រះពុទ្ធពរប្រាំប្រការគឺអាយុ វណ្ណ: សុខ: ពល:និងបដិភាណ:កុំបីខានឡើយ។