នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន បានប្រកាសបង្ក្រាបរាល់ក្លឹបកម្សាន្តណាដែលពាក់ព័ន្ធករណីគ្រឿងញៀន ដោយមិនខ្វល់ថា ក្លឹបកម្សាន្តនោះ ជារបស់អ្នកមានលុយ ឬមានអំណាណាទាំងអស់។ ការប្រកាសបែបនេះរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពីវិធានការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់លើកទី៣ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ដែរថា៖ ក្នុងករណីចុះបង្ក្រាបនៅទីតាំងក្លឹបកម្សាន្ត ដែលពាក់ព័ន្ធករណីគ្រឿងញៀនហើយ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ យើងដាច់ខាតត្រូវតែអនុវត្តការងារនេះឱ្យបានល្អ ម្យ៉ាងទៀតបើមាននរណាម្នាក់មករារាំង ឬអន្ដរាគមន៍ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការអត់ឱន។
ជាងនេះទៅទៀត នាយឧត្តមសេនីយរូបនេះ ក៏បានជំរុញឱ្យសមត្ថកិច្ចបន្តអនុវត្ត គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ហើយការអនុវត្តការងាររហូតឈានដល់ការបង្ក្រាបជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញឲ្យឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋ រហូតដល់ព្រះសង្ឃ។