ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ. លួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ ជាង៣៥០លើកទូទាំងប្រទេស)។
ជនជនសង្ស័យរូបនេះមានឈ្មោះ កែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី៣១ ខែសីហា នៅក្នុងទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ បានសារភាពប្រាប់សមត្ថកិច្ចថា បក្ខពួករបស់គេមាន ជាង១០នាក់ លួច-ប្លន់ប្រដាប់អាវុធ ជាង៣៥០លើក តែគ្មាននរណាម្នាក់ គ្រោះថ្នាក់ក្នុងហេតុការណ៍ លួច-ប្លន់ប្រដាប់អាវុធនោះទេ ហើយក៏មិនដែលមានជាប់គុកដែរ។ មានតែពេលនេះ គឺជនសង្ស័យម្នាក់ ឈ្មោះ កែវ សារិន ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំទៅដល់ពន្ធនាគារទាំងយប់ ទាំងមេឃកំពុងភ្លៀងរលឹម៕