ព្រះវិហារ: ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកជាំក្សាន្ត បានយកក្បាលគ្រាប់ប្រភេទB 40 មកកែឆ្នៃ ប៉ុន្តែខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះបុរសរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ ។
សេចក្តីរាយការណ៍ពីលោកមេឃុំទឹកក្រហម បានបញ្ជាក់ថា នៅមុនពេលកើតហេតុបុ រសដែលរងគ្រោះ បានយកក្បាលគ្រាប់ ដែលរើសបានកន្លងមក មកកែឆ្នៃនៅក្រោមផ្ទះរបស់ខ្លួនទាំងអការស្រវឹង មិនតែប៉ុណ្ណោះ បានហៅប្រពន្ធឲ្យមកអង្គុយមើល ។ ប៉ុន្តែប្រពន្ធឃើញហេតុការណ៍មិនស្រួល ក៏ចុះពីលើផ្ទះរត់ទៅរកប្រជាពលរដ្ឋជិតខាងមកជួយហាមឃាត់ដែរ តែមិនទាន់ ព្រោះថាបុរសរងគ្រោះបានធ្វើឲ្យគ្រាប់នោះផ្ទុះហើយរងរបួសពាសពេញខ្លួន រួចក៏នាំយកមកជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ។
លោកមេឃុំបន្តថា បុរសរងគ្រោះមានឈ្មោះ លេង បូណា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ខេត្តព្រះវិហារ ។ លោកថា កន្លងមកបុរសរងគ្រោះតែងតែរករឿងឈ្លោះប្រកែក ថែមទាំងយកគ្រាប់ចាស់ៗ ដែលរើសបាន មកគុបដាក់ប្រពន្ធរត់ពេញផ្ទះ និងប្រើអំពើហិង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដកហូតគ្រាប់ចាស់ចំនួន៣គ្រាប់ និងចាប់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យា នៅអធិការរដ្ឋាននគរបាល រួចម្តងហើយតាមបណ្តឹងរបស់ប្រពន្ធ ។
សូមបញ្ជាក់ថា បច្ចប្បន្នបុរសរងគ្រោះត្រូវបានក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត បញ្ជូនទៅកាន់ មន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្ត ៕