ភ្នំពេញៈ ផ្អើលទាំងយប់ អ្នកកាសែតម្នាក់ត្រូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ ទះមួយកំផ្លៀងពេញទំហឹង ខណៈដែលអ្នកកាសែត ធ្វើដំណើរឆ្លងកាត់ ក៏ឈប់ម៉ូតូចុះមកសួរនាំ ហើយមិនទាន់បានថតផង ស្រាប់តែនារីម្នាក់នៅក្នុងរថយន្ត ចុះមកចង្អុលមុខ ហើយស្ទុះទៅចាប់ទូរស័ព្ទរបស់អ្នកកាសែត កំពុងកាន់នៅជាប់ដៃ បម្រុងយកទៅបោកចោលទៀត បណ្ដាលឲ្យទូរស័ព្ទខូចបើកលែងចេញ កាលពីម៉ោងជាង៩ យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវជាប់របងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
អ្នកកាសែតរងគ្រោះឈ្មោះ ប៉ូច គឹមសុខ អាយុជាង៤០ឆ្នាំ ជាអ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន BBN TV-Online។
សាក្សីបានឲ្យដឹងថា នៅមុនកើតហេតុបន្តិច គេឃើញរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ស្លាកលេខភ្នំពេញ 2AQ-4248 បើកបរដោយជនបង្កមានសភាពស្រវឹងជោគ រួមដំណើរជាមួយនារីម្នាក់ទៀត មកដល់ចំណុចកើតហេតុ បានជ្រុល ទៅបុកប៉ះម៉ូតូ ណៃហតមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ហើយដោះស្រាយគ្នាមិនចេញ ចៃដន្យអ្នកកាសែតម្នាក់ បានធ្វើដំណើរឆ្លងកាត់ ក៏ប្រទះឃើញ ទើបឈប់ម៉ូតូចុះមកធ្វើការសាកសួរថា មានរឿងអ្វីបង ប៉ះគ្នាមែន? គ្រាន់តែសួរហើយភ្លាម មិនទាន់ទាំងបានផ្តិតយករូបភាពផង ស្រាប់តែនារីម្នាក់រួមដំណើរលើរថយន្តបង្កហេតុ បានចុះពីលើរថយន្ត មកចង្អុលមុខអ្នកកាសែតម្នាក់រូបនោះ ស្រែកខ្លាំងៗថា "លោកឯងមកពីណា ម៉េចចង់ថតរូបយកទៅផ្សាយមែន?" រួចក៏ស្ទុះទៅចាប់ទូរស័ព្ទរបស់អ្នកកាសែតជាប់ បម្រុងយកទៅបោកចោលទៀត តែសំណាងល្អអ្នកកាសែតរូបនោះកាន់ទូរស័ព្ទជាប់ ហើយប្រាប់វិញថាបងកុំចាប់ទូរស័ព្ទខ្ញុំ ប្រយ័ត្នខូច តែនារីម្នាក់នោះនៅតែព្យាយាម ប្រទាញយកទូរស័ព្ទចុះឡើងៗ បណ្ដាលឲ្យទូរស័ព្ទកោង និងរលត់បើកលែងចេញ ភ្លាមនោះទើបអ្នកកាសែតរូបនោះបានទាក់ទងហៅសមត្ថកិច្ចនិងអ្នកកាសែតដទៃទៀតមកចុះមកកន្លែងកើតហេតុផង ព្រោះមានអ្នកបើករថយន្តមួយគ្រឿងស្រវឹងស្រា បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បម្រុងមកយកទូរស័ព្ទខ្ញុំទៅបោកចោលទៀត។
ចំណែកអ្នកបើករថយន្តបង្កហេតុបានទូរស័ព្ទហៅបុរសម្នាក់ អោយបើករថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ពាក់ស្លាកលេខ 2AU-1198 មកចំណុចកើតហេតុ ហើយក៏ក្រឡេកទៅឃើញ អ្នកកាសែតរូបនោះ កំពុងនិយាយជាមួយម្ចាស់ម៉ូតូរងគ្រោះ ស្រាប់តែអ្នកបើករថយន្តបង្កបានដើរទៅជិត រួចលើកដៃទៅទះកំផ្លៀងអ្នកកាសែតនោះមួយដៃពេញទំហឹង រួចបោះពាក្យសម្ដីមកថា គ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណឹង អស់ប៉ុន្មាន? ហើយប្រញ៉ាប់ឡើងរថយន្តដែលពាក់ស្លាកលេខ 2AU-1198 បើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកបុរសម្នាក់ដែលបើករថយន្តនោះមកជួយដោះស្រាយ។
បន្តិចក្រោយមក មានអ្នកសារព័ត៌មានជាច្រើន បានចុះទៅដល់កន្លែងកើតហេតុបន្តបន្ទាប់គ្នា ដើម្បីផ្ដិតយកទិដ្ឋភាពផ្សាយផ្ទាល់ភ្លាមៗផងដែរ រួមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ តែជនបង្កបានគេចចេញពីកន្លែងកើតហេតុបាត់ហើយ ដោយបន្សល់ទុកបុរសម្នាក់ដែលបើករថយន្តមកជំលៀសជនបង្កជាអ្នកមកជួយដោះស្រាយ។
ក្រោយពេលកើតហេតុ ដោយសារតែមិនចង់វែងឆ្ងាយ បុរសម្នាក់ដែលជាតំណាងអ្នកប្រើហិង្សាទៅលើអ្នកកាសែត បានសម្តែងការសុំទោស និងសុំសម្របសម្រួល ដោយសងជម្ងឺចិត្តទៅអ្នកកាសែតរងគ្រោះចំនួន ៣០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុផងដែរ៕