
ស្ទឹងត្រែងៈ ក្មេងស្រីម្នាក់ បានក្អួតចង្អោរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីហូបនំអស់១កញ្ចប់ ដែលមានឈ្មោះ “លីលី”។
ហេតុការណ៍ពុលនំខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្មេងស្រីរងគ្រោះឈ្មោះ សុ វណ្ណី អាយុ៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ពាក់ព័ន្ធករណីក្មេងស្រីក្អួតចង្អោរខាងលើនេះ ជីតារបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ក្នុងថ្ងៃកើតហេតុ ចៅស្រីរបស់គាត់ បានសុំលុយគាត់ ដើម្បីយកទៅទិញនំចំនួន២កញ្ចប់ (នំស្រួយ លី លី)មកហូប ។ ប៉ុន្តែចៅស្រីរបស់គាត់ទើបតែហូបបាន១កញ្ចប់ ស្រាប់តែក្អួតចង្អោរតែម្តង។
ជីតាក្មេងស្រីរងគ្រោះ បានរៀបរាប់បន្តថា ដោយឃើញអាការៈចៅស្រីមិនស្រួល គាត់ក៏ដឹកចៅស្រីយកទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីរួមខេត្តស្ទឹងត្រែង។ បន្ទាប់ពីពិនិត្យព្យាបាលរួចមក លោកគ្រូពេទ្យ នួន ហ្វឿ បាននិយាយប្រាប់ថា ក្មេងស្រីរងគ្រោះ មានអាការៈក្អួតចង្អោរនេះ គឺដោយសារតែពុលចំណីអាហារ។

ទាក់ទិននឹងករណីនេះ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា លោកបានធ្វើការត្រួតពិនិត្យក្នុងរឿងនេះហើយ ប៉ុន្តែយើងមិនអាចសន្និដ្ឋានថា ក្មេងស្រីម្នាក់នេះ ពុលដោយសារញាំនំស្រួយ លីលី នោះផងដែរ។ ព្រោះថា នំស្រួយ លីលី គឺជាផលិតផលដែលផលិតក្នុងប្រទេសខ្មែរ ហើយក៏មិនទាន់ផុតកំណត់នោះដែរ។
ក្រោយពីសង្គ្រោះរួចមក ក្មេងស្រីរងគ្រោះ ក៏ត្រូវបានជីតាយកមកសម្រាកនៅផ្ទះវិញផងដែរ៕
