header ads

Sponsor

រិទ្ធី

ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨ មកដល់ទៀតហើយ តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨ នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើយោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

តាមការចុះផ្សាយនេះពន្យល់ថា៖ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។

សង្ឃឹមថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ អាកាសធាតុនឹងអំណោយផលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post