ដូចប្រិយមិត្តបានដឹងហើយថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ២០១៨ មានបញ្ហាមិនប្រក្រតីជាច្រើនកើតឡើង ប៉ុន្តែក្រោយមកបញ្ហាទាំងនេះត្រូវបានដោះស្រាយ ហើយលទ្ធផលពិន្ទុ និងនិទ្ទេស នៃការប្រលងពិតត្រូវបានប្រកាសជាថ្មីផងដែរ។
ដោយឡែក នៅថ្ងៃនេះផងដែរ ខាងទូរទស្សន៍ហង្សមាស បានអញ្ជើញប្អូនស្រីដែលជាសិស្ស ឈ្មោះ ថន រតនា ដែលជាសិស្សប្រលងបាននិទ្ទេសលំដាប់ពិន្ទុ ១០០ ពេញ មកពីវិទ្យាល័យផ្សារដើមថ្កូវ ជាប់និទ្ទេស A ទទួលលំដាប់ពិន្ទុ ១០០ ពេញថ្មី ក្នុងការប្រកាសលទ្ធផលបាក់ឌុបលើកទី២។
យោងតាមការកិច្ចសំភាសន៍ផ្ទាល់ជាមួយលោក មាស ឬទ្ធី ប្អូនស្រី ថន រតនា បានរៀបរាប់អំពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូន ដែលបានកើតមកក្នុងគ្រួសារដែលមានជីវភាពលំបាក ឪពុកជាអ្នករត់ម៉ូតូដុប រស់នៅក្នុងផ្ទះជួល រកព្រឹកខ្វះល្ងាច តែប្អូនមិនចុះចាញ់ទេប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃ រហូតទទួលបានប្រឡប់ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A ដែលមានលំដាប់ពិន្ទុ ១០០ ខ្ពស់ជាងគេ។