នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។ យោងតាមលិខិតរាជរដ្ឋាភិបាលកម្ពុជាលេខ ៨២០ លស របស់សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
នៅក្នុងលិខិតនេះបានបង្ហាញតែងតាំង និងដំឡើងឋានន្តរស័ក្កិ ឧត្តមសេនីយ៍ឯក វង្ស ពិសេន អត្តលេខ ០០០៣៥៧ ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ តែងតាំង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អត្តលេខ ០០០៣៣៥ ជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានស្នើតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបតែត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី អាណត្តិទី៦បន្តទៀត។