header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អនុវត្តតាមបទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញកាលពីពេលថ្មី កន្លងទៅនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់ប្រភេទ ត្រូវរួមគ្នាត្រួតពិនិត្យ នៅតាមបុរី ខុនដូរ និងក្លិបកម្សាន្តតូច-ធំទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាការពាសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសគ្រឿងញៀន ដែលធ្លាប់មាននាពេលកន្លងមក។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាយ៉ាងដូច្នេះ ដល់អាជ្ញាធរខណ្ឌទាំង១២ នៅក្នុងកិច្ចប្រជុំមួយ ស្តីពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ លោក បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ ពិសេស ក្លិបកម្សាន្ត ដែលប្រើប្រាស់គ្រឿងញៀន បើមានការសង្ស័យត្រូវដាក់ផែនការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ចរាចរណ៍ និងពិនិត្យទឹកនោមតែម្តង នៅពេលពួកគេចេញពីក្លិប បើមិនមានលទ្ធភាពត្រួតពិនិត្យទេ ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត មិនត្រូវនៅស្ងៀមដូច្នេះឡើយ វាអាចនឹងមានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។

លោក អភិបាលរាជធានីភ្នំពេញ បានថ្លែងថា មានប្រជាពលរដ្ឋមួយចំនួន បានលើកឡើងជាបន្តបន្ទាប់ ពីគន្លាតកាន់តែឆ្ងាយ រវាងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលមានភាពឆកល្វែងធ្វើឲ្យពួកគាត់មានការថ្នាំងថ្នាក់ក្នុងចិត្ត។ ដូច្នេះ ដើម្បីលុបបំបាត់នូវការលើកឡើង ក៏ដូចជាបញ្ហាប្រឈមដែលបានកើតឡើងនាពេលកន្លងមក មន្រ្តីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែចុះឲ្យបានជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការណ៍ចាំបាច់របស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បញ្ជាដាច់ខាត ចំពោះមន្រ្តីបម្រើសេវាសាធារណៈ ហាមទារលុយកាក់ពីប្រជា ពលរដ្ឋ នៅពេលដែលគាត់មកសុំការផ្តល់សេវាកម្មនានា។ លើសពីនេះ ត្រូវពិនិត្យ និងរាយការណ៍មករដ្ឋបាលខណ្ឌ នៅពេលមានផ្លូវខូច ផ្លូវលិចទឹក លូបែក ឬបញ្ហាណាមួយ ដែលខ្លួនមិនអាចធ្វើបានជូនពលរដ្ឋក្នុងមូលដ្ឋាន។ ចំណែក រដ្ឋបាលខណ្ឌ ក៏ត្រូវបន្តដោះស្រាយឲ្យបានទាន់ពេលវេលា នូវតម្រូវការចាំបាច់ អ្វីដែលអាចដោះស្រាយបាន ត្រូវដោះស្រាយភ្លាមៗ អ្វីដែលលើសពីសមត្ថភាព ត្រូវដាក់សំណើរមករដ្ឋបាលរាជធានី ដើម្បីបញ្ជូនមន្រ្តីជំនាញ ចុះទៅពិនិត្យ នឹងចាត់ការជាបន្ទាន់ ដើម្បបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

យ៉ាងណាក៏ដោយ លោកអភិបាល ក៏បានស្នើឲ្យប្រជាពលរដ្ឋ មានការយោគយល់ផងដែរ ដល់ការងារមួយចំនួន ដែលមានការប៉ះពាល់ ឬក៏រំខានខ្លះៗ ដល់មុខរបរ និងការធ្វើដំណើរចេញចូលលំនៅដ្ឋាន និងអាជីវកម្មនានា ព្រោះថា រាល់ការអភិវឌ្ឍន៍ រមែងតែងមានការប៉ះពាល់ ទោះតិចក្តីច្រើនក្តី ប៉ុន្តែអាជ្ញាធរ នឹងសម្រួលជូនឲ្យបានប្រសើរទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post