តាកែវៈ បុរសម្នាក់បានបោកផ្ទប់នឹងកញ្ចក់រថយន្ត រួចធ្លាក់បោកនឹងថ្នល់ បាក់កស្លាប់ គួរឲ្យអាណោចអាធ័ម បន្ទាប់ពីបើក ម៉ូតូឌ្រីមសង់ក្នុងល្បឿន ជែង ខ្វះការប្រុងប្រយ័ត្ន ចូលផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តកាមរីបាឡែន ពេញទំហឹងតែម្ដង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះ(សព) ឈ្មោះ ធឿន កុសល ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខកម្មកររោងចក្រ រស់នៅម្ដុំទន្លេបាទី មានប្រពន្ធ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
បើតាមសម្ដីមិត្តភក្តិដែលធ្វើដំណើរទៅជាមួយគ្នា តែជិះម៉ូតូផ្សេងគ្នា បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារអង្គភាពព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) ដឹងថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភក្តិម្នាក់ទៀត ជិះម៉ូតូ១គ្រឿង ឌុបគ្នា និងជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9837 បើកបរទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ធ្វើដំណើរត្រឡប់មកពីជូនមិត្តភក្តិ ទៅយកខោអាវ បំណងទៅធ្វើការវិញ ខណៈមកដល់កន្លែងកើត ជនរងគ្រោះបានជែងចូលផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក កាម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-3779 ដែលកំពុងបើកទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នាជាមួយម៉ូតូ ពីជើងទៅត្បូង ក៏បុកចំពេញទំហឹងតែម្ដង បណ្តាលឲ្យជនរងគ្រោះ ហោះផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្ត រួចធ្លាក់បោកនឹងថ្នល់បាក់កស្លាប់ គួរឲ្យអាណោចអាធ័ម នៅកន្លែងកើតហេតុតែម្ដង ។ ភ្លាមនោះ ក៏មានជនបរទេសដែលធ្វើដំណើរឆ្លងកាត់ឃើញ ក៏ចុះមកជួយសង្គ្រោះបឋមដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋាន បានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញស្រុកបាទី ចុះមកវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕