អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកភូមិជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន បានចុះទៅឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្ដិ៍ ដែលមានគេសង្ស័យថា បានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង៦៖​៥០នាទីព្រលប់ ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ៦៣ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័​យ​ជា​កូន ដែល​សង្ស័យសម្លាប់ម្ដាយខ្លួន ឈ្មោះ ពិន ខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបបនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

យោងតាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខមាន អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦៖៣០នាទីថ្ងៃកើតហេតុ​ ពេលនាងខ្ញុំមកពីធ្វើការវិញ មក​ដល់ឃើញផ្ទះបិទភ្លើងងងិតឈឹង ចំណែកទ្វារបើកចំហរ ឃើញដូច្នោះនាងក៏ដើរបើកភ្លើងនៅមុខផ្ទះ និងខាងក្នុងផ្ទះ រួចនាងក៏ហៅម្តាយ តែម្តាយមិនឆ្លើយតប រួចនាងក៏យកដៃទាញម្តាយ ស្រាប់តែឃើញម្តាយនាងស្លាប់រឹងខ្លួនបាត់ទៅហើយ ដោយមានឈាមនៅតាមភ្នែក ត្រចៀក និងក ដោយមានស្រមោចរោមខាំត្រង់របួស ចំណែកបងប្រុសរបស់នាង(ជនសង្ស័យ )បានដេកលក់នៅលើគ្រែ​ក្នុងផ្ទះជាប់ទ្វារ រួចនាង​បានរត់ចេញក្រៅហៅអ្នកជិតខាងឲ្យ​មកជួយ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយការធ្វើកោសលវិច័យរបស់វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យ បាន បញ្ជាក់ថា ជនរងគ្រោះ គឺស្លាប់ដោយសារ គាំងបេះដូង ( អាចបណ្តាលមកពីជំងឺ​លើសឈាម និងជំងឺ​ថ្លើម ) មិនមែនជាករណីឃាតកម្ម ដែលកូ​នសម្លាប់ម្ដាយនោះទេ។ ចំណែកស្លាកស្នាមនៅលើដងខ្លួន គឺត្រូវស្រមោចខាំ ពេលគាត់ដេកស្លាប់។

យោងតាមការបំភ្លឺរបស់កូនស្រីឈ្មោះ ឡុង សុខមាន ថា កន្លងមកម្តាយរបស់គាត់មានជំងឺ​លើសឈាម និងជំងឺ​ថ្លើម រយៈពេល៤ឆ្នាំហើយ។ ពិនិត្យ​រួច សមត្ថកិច្ចបាន​ធ្វើឯកសារប្រគល់សពឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor