Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គួរឲ្យ​អាសូរ​! បុរសម្នាក់ជានាយទាហាន​ស័ក្តិ​២ ជិះម៉ូតូ PCX មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ​ ពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជានាយទាហាន នៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធមិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុប្រហែល៣ខួប ។

ប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌ស​ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ​ 1CJ-1780 ក្នុងល្បឿនលឿន ខណៈដែលមិនឃើញពាក់មួក​សុវត្ថិភាព​នោះទេ ទិសដៅពីកើតមកលិច​ លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រូងផ្លូវ ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានស្លាប់ភ្លាមៗ តាំងពីកើតហេតុមកម៉្លេះ ។

សូមបញ្ជាក់ថា​ ជនរងគ្រោះ​មានដាក់មួកសុវត្ថិភាពនៅជាប់ម៉ូតូដែរ តែពេលធ្វើដំណើរមិនបានពាក់មួកសុវត្ថិភាពនោះទេ។

ក្រោយពេលកើតហេតុ សាច់ញាតិ និងក្រុមគ្រួសាររួមទាំងប្រពន្ធជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហ៊ោយំស្រណោះអាឡោះអាល័យ ខណៈដែលបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរខាងលើនេះ ក្រោយមក សពជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor