header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា កម្ពុជា មានកន្លែងសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាពជាច្រើន របស់រាជរដ្ឋាភិបាល ដែលកំពុងតែរង់ចាំអ្នកវិនិយោគ មកពីប្រទេសចិន។

វិស័យធំៗទាំងនោះ រួមមាន ៖ កសិកម្ម, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, សំណង់, ឧស្សាហកម្មនាំចេញ , រ៉ែ និងថាមពល , ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងថា សម្តេច បានចូលរួមក្នុងកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិន ដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ហើយក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងថា កម្ពុជាមានវិស័យអាទិភាព ប្រកបដោយសក្តានុពលច្រើន ដែលនៅមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយផ្ទាល់ ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន

ជាមួយគ្នានេះ សម្តេចឲ្យដឹងទៀតថា ក្នុងបរិបទតំបន់ ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលតែងតែធ្វើកំណែទម្រង់ ដូចជា ការរៀបចំ និងការដាក់ចេញផែនការ , គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាលវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់វិស័យឯកជន ជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាពប្រកួតប្រជែងរបស់កម្ពុជា កាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រយៈពេល២០ឆ្នាំ កម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាន កំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿន នៅលើពិភពលោក។ នៅឆ្នាំ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថា កំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង៧% នៅឆ្នាំ២០១៨។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៦ នៅតែបន្តធានាឲ្យបានស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម បរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ សម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន។

ដោយឡែកពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារ តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។

នាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ថា សម្រាប់ការវិនិយោគពីប្រទេសចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើង ពីប្រមាណ៩០០ លានដុល្លារនៅឆ្នាំ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារនៅឆ្នាំ២០១៧ និងក្នុងរយៈពេល៧ ខែដើមឆ្នាំ២០១៨នេះ បានកើនដល់២,៨ប៊ីលានដុល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post