ភ្នំពេញៈ ពលរដ្ឋដែលមានទីលំនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានការរអ៊ូរទាំ ទៅលើមន្រ្តីជំនាញ មន្ទីរដែនដីរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ដែលចុះអនុវត្តន៍វាស់វែងជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មិនបានវាស់ទៅតាមក្បាលដី ដែលនៅតាមលំដាប់លំដោយ ហាក់បីដូចជរើសអើង អ្នកមាន អ្នកក្រ ម្តងធ្វើភូមិនេះ ម្តងធ្វើភូមិនោះ តែសម្រាប់អ្នកមាន អ្នកសូកសៀតលុយ២០០ដុល្លារ នោះច្បាស់ជាក្រុមមន្រ្តីទាំងនោះ ចុះវាស់ឲ្យភ្លាមៗ។
តាមប្រជាពលរដ្ឋ បានលើកឡើងថា ការចុះវាស់ដីជាប្រព័ន្ធរបស់មន្រ្តីជំនាញឈ្មោះ ឈុន ធី ជាអ្នកចុះវាស់ផ្ទាល់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ត្រូវបានពលរដ្ឋរិះគន់ ដោយសារការចុះវាស់ដីជូនប្រជាពលរដ្ឋ ដូចជាផ្ទុយពីគោលការរបស់រាជរដ្ឋាភិបាល ដែលបានកំណត់។ ពលរដ្ឋបន្តទៀតថា ដីខ្លះត្រឹមផ្ទៃ៨០ម៉ែត្រការ៉េ ឬជាង១០០ម៉ែត្រការ៉េ ទាមទារលុយដល់ទៅ២០០ដុល្លារ ទើបចុះវាស់ឲ្យ តែសម្រាប់ពលរដ្ឋក្រីក្រី ដេកចាំក្រុមមន្រ្តីចុះវាស់ រាប់ខែ រាប់ឆ្នាំ មកហើយ មិនទាន់បានផង ទោះជាមានឯកសារគ្រប់គ្រាន់ ក្នុងការចុះជាប្រព័ន្ធក៏ដោយ។
តាមសម្ដីរបស់ប្រជាពលរដ្ឋម្នាក់ មានដីផ្ទះនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា គាត់ត្រៀមឯកសារប្រវត្តិដី រាប់សិបខែមកហើយ ខណៈដែលដីគាត់មានទំហំ២០០ម៉ែត្រការ៉េ បែរជាមន្រ្តីខាងមន្ទីរសុរិយោដី មិនវាស់ឲ្យគាត់រាប់ខែទៅហើយ តែបែរជាសុខចិត្តវាស់ដីផ្ទះអ្នកណា ដែលគេឲ្យលុយ សម្រាប់គាត់អត់លុយ ត្រូវបានមន្ទីរសុរិយោដី ប្រាប់ថាឲ្យរងចាំសិន។
ប្រជាពលរដ្ឋក្នុងភូមិត្រពាំងក្រសាំង រអ៊ូរទាំថា ការវាស់ដីជាប្រព័ន្ធ បានតែសម្រាប់អ្នកមាន សម្រាប់អ្នកក្រ គេមិនចុះវាស់ឲ្យទេ មិនដឹងថា គោលការរបស់ក្រសួងដែនដីរូបនីយកម្ម និងសំណង់ ចេញច្បាប់ឲ្យមន្រ្តីចុះវាស់ ចុះធ្វើបែបនេះឬយ៉ាងណា ?
ដោយមានភាពមិនប្រក្រតី របស់មន្រ្តីចុះវាស់ដីជាប្រព័ន្ធ អនុវត្តន៍ដោយមិនស្មើភាពគ្នា អ្នកមាន អ្នកឲ្យលុយ ក្បាលដីមួយ២០០ដុល្លារ ទើបបានចុះវាស់ ពលរដ្ឋក្រីក្រ អត់លុយសូក មិនចុះវាស់ឲ្យ។ ហើយនៅពេលនេះ ប្រជាពលរដ្ឋបានស្នើសុំទៅក្រសួងដែនដីរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យរាល់បាតុភាពរបស់មន្រ្តីមន្ទីរសុរិយោដី។ ពលរដ្ឋមានសិទ្ធិរស់នៅស្របច្បាប់លើដីស្របច្បាប់ ដូចតែគ្នា កាលបើគោលការបង់ពន្ធវិញ ពួកគាត់គោរពទៅតាមគោលការដ្ឋជានិច្ច៕