
មណ្ឌលគិរីៈ ខេត្តមួយនៅភូមិភាគឦសាន្ត កំពុងតែធ្វើឲ្យពិភពលោកចាប់ផ្ដើមស្គាល់ ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។
ខេត្តមួយនេះ គឺត្រូវបានបង្កើតក្នុងអំឡុងឆ្នាំ១៩៦០ ដែលពីមុន គឺពុំមានអ្នកណាស្គាល់ច្រើននៅឡើយទេ ដោយសារស្ថានភាពផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ ជាពិសេស គឺរដូវវស្សានេះតែម្ដង។ ប៉ុន្តែក្នុងរយៈពេល១០ឆ្នាំក្រោយនេះ ខេត្តនៃពិភពសម្រស់ដាច់គេ ត្រូវរៀបចំនឹងអភិវឌ្ឍន៍ទាំងផ្លូវធ្វើដំណើរបានយ៉ាងស្រួល មិនថាយប់រឺថ្ងៃ ក៏អាចធ្វើដំណើរបានយ៉ាងស្រួលដែល។


សម្រាប់ផ្លូវធ្វើដំណើរវិញ ប្រសិនជាយើងចេញពីររាជធានីភ្នុំពេញ គឺប្រើរយៈពេលមិនលើសពី៦ម៉ោងទេ ដោយធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៦ រួចបន្តចូលផ្លូវជាតិលេខ៧ ឆ្ពោះមកទឹកដីត្បូងឃ្នុំ នឹងក្រចេះ រួចបន្តមកផ្លូវជាតិលេខ៨នោះ មិនយូរប៉ុន្នានទេ លោកអ្នកអាចមកដល់ទីក្រុងមួយ ដែលមានឈ្មោះថា ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី។


ស្ថិតក្នុងសណ្ថានដីជាទីប្រជុំ នៃភ្នំទាបខ្ពស់ ព្រៃភ្នំគ្រប់ទិសទី នឹងជាទឹកដីដែលគ្របដណ្ដប់ទៅដោយធម្មជាតិដ៏ស្រស់ត្រកាល ជ្រោះជ្រងជ្រលងដងអូរ និងអាកាសធាតុដ៏ត្រជាក់ស្ទើរគ្រប់រដូវកាល បានធ្វើឲ្យខេត្តមួយនេះ ទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ ទៅទស្សនាកម្សាន្តជារៀងរាល់ឆ្នាំ។ អ្វីដែលកាន់តែពិសេសផ្លូវបត់បែនដ៏វែងអន្លាយ កាច់កុងប្រៀបដូចជាអន្ទង់អាំង ពុះជ្រែកកាត់ព្រៃព្រឹក្សា កាន់តែធ្វើឲ្យទឹកដីប្រពៃខាងដំណាំហូបផ្លែស្ទើរគ្រប់ប្រភេទមួយនេះ កាន់តែបង្អួតសម្រស់ដ៏ស្រស់ត្រកាលទ្វេឡើង៕

