header ads

Sponsor

រិទ្ធី

ប៉ុន្មានថ្ងៃនេះ លោកគ្រូ អ្នកគ្រូ និង​សិស្សមួយចំនួន​នៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ បានផ្ទុះការតវ៉ារឿងផ្ទេរលោក មូល ស៊ុយហេង ពីនាយកសាលាទៅធ្វើការនៅ​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស។ ការ​តវ៉ា​នេះមាន​ប្រសិទ្ធភាព ដោយនៅ​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០១៨នេះ កិច្ច​ប្រជុំមួយ​ដែល​ដឹកនាំដោយ​ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និង​កីឡា ហើយបាន​សម្រេច​ឱ្យ​លោក មូល ស៊ុយហេង បន្ត​តួនាទីជានាយក​សាលាដដែល។

មុននឹងឈានដល់ការសម្រេច​នេះ ឯកឧត្តមរដ្ឋមន្ត្រី សម្រេច​ឱ្យមានការ​បោះឆ្នោត​ពី​លោកគ្រូ-​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ដោយ​ទទួលបាន​សំឡេង​គាំទ្រ៩៧​សំឡេង លើសំឡេង១៥១។ តាមរយៈសំឡេងគាំទ្រច្រើននេះ ទើបឯកឧត្តមហង់ ជួន ណារ៉ុន សម្រេច​ឱ្យ​លោក មូល ស៊ុយ​ហេង បន្តធ្វើ​នាយក​វិទ្យាល័យ​វិញ​។​

​ក្រោយ​ចំណាយពេល​មួយ​ព្រឹក រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ដោះស្រាយ​ការទាមទារ​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ បាន​មួយ​ករណី​ប៉ុណ្ណោះ​។ ចំណែកករណី​ដែល​គ្រូបង្រៀន និង​សិស្ស ទាមទារ​ឲ្យ​ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ស៊ីសុវត្ថិ​នេះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដោយឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន សម្រេច​លើកយក​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ​។​

​​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​បូ​លី បានបញ្ជាក់ថាក្រសួងមិនមាន​ការដកតំណែង​នាយក​សាលា​នោះទេ តាមពិត ជាការ​ផ្ទេរ​ភារកិច្ច​របស់​នាយក​សា​លា គឺ​ផ្ទេរ​ភារកិច្ច​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​។ ការផ្ទេរ​នេះ ដោយសារតែលោក ​មូល ស៊ុយ​ហេង​ ធ្វើ​នៅ​ទីនោះ​យូរហើយ ហើយ​មានបទពិសោធន៍​ចាស់ទុំ អាចមក​ជួយ​ការងារ​នៅ​នាយកដ្ឋាន​បាន។​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post