header ads

Sponsor

រិទ្ធី

ប្រជាពលរដ្ឋ១០គ្រួសារ ដែលរស់នៅភូមិព្រែកជ្រៃ ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល បានកើតទុក្ខមិនសុខចិត្តចំពោះលោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដែលមិនជួយសម្របសម្រួល ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិលក់ដូរដីរបស់ពួកគាត់ ដែលមានផ្ទៃដីសរុប១៧ហិកតា បើទោះបីជាមេភូមិ មេឃុំ បានបញ្ជាក់ថា ដីនោះមិនមានពាក់ព័ន្ធដីរដ្ឋអ្វីទាំងអស់ក្តី។  

ប្រជាពលរដ្ឋទាំង១០គ្រួសារបានសរសេរលិខិតសុំអន្តរាគមន៍ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេច ហ៊ុន សែន។ យោងលិខិតចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមប្រជាពលរដ្ឋបានអះអាងថា ដីស្រែរបស់យើងខ្ញុំទាំង១៧ហិកតានោះ បានកាន់កាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ដែលមានការទទួស្គាល់ដោយអាជ្ញាធរភូមិឃុំ។ ដោយហេតុពួកគាត់មានជីវភាពខ្វះខាតទើប សម្រេចចិត្តលក់ ផ្ទេរកម្មសិទ្ធិដើម្បីដោះស្រាយជីវភាព ឱ្យកូនៗបានបន្តការសិក្សា និងព្យាបាលជំងឺ។

លិខិតដដែលរៀបរាប់ថា៖លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម បានសន្យាមុនបោះឆ្នោតថា បើសិនពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុឃុំ ស្រុកឈ្នះ លោកនឹងតបស្នងជួយប្រជាពលរដ្ឋវិញមិនខាន។ ប៉ុន្តែរហូតមកដល់ពេលនេះរូបគាត់ពុំបានបំពេញតាមការសន្យានោះទេ ពិសេសចំពោះរឿងដីនេះ បែរជាមានអះអាងថាជាអាងទឹកទៅវិញ ប៉ុន្តែការពិតគឺជាដីស្រីប្រាំងរបស់យើងខ្ញុំបានកាន់កាប់តាំងពីឆ្នាំ១៩៨០។

ក្នុងលិខិតនោះបន្ថែមថា៖ មុនពេលដែលលោកអភិបាលស្រុកថា ជាដីអាំងទឹក មានមនុស្សដែលស្និទ្ធនឹងលោកអភិបាលស្រុក បានមកសុំទិញពីយើងខ្ញុំ ដោយឲ្យតម្លៃទាបបំផុត (០.៩ដុល្លារក្នុងមួយម៉ែត្រការ៉េ) ប៉ុន្តែយើងខ្ញុំពុំអាចលក់ជូនពួកគាត់បានទេ ព្រោះយើងខ្ញុំបានជាប់កិច្ចសន្យាលក់ឲ្យអ្នកផ្សេងក្នុងតម្លៃ១.៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅហើយ។

ប៉ុន្តែជាអកុសលនៅពេល ផ្ទេរកម្មសិទ្ធិអាជ្ញាធរភូមិ ឃុំ សុទ្ធតែចេញលិខិតឱ្យពួកគាត់ លើកលែងតែលោក ភឹម ភីរ៉ា អភិបាលស្រុកប៉ុណ្ណោះ មិនព្រមចុះហត្ថលេខានោះឡើយ ដោយលើកហេតុផលថា ដីរបស់ពួកគាត់ស្ថិតក្នុងទីតាំងអាងទឹករបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក បើទោះបីជាមេភូមិ និងមេឃុំអះអាងថា មិនមែនជាដីស្ថិតក្នុងតំបន់អាងទឹករបស់រដ្ឋក្តី។

ជាការឆ្លើយតប លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯក បានពន្យល់ថា ដី១៧ហិកតាដែលប្រជាពលរដ្ឋចង់លក់នោះ ជាដីសាធារណៈរបស់រដ្ឋ ជាដីអាងទឹក របស់ក្រសួងធនធានទឹក។ លោកបន្តទៀតថា លោកបានឱ្យអភិបាលស្រុករងម្នាក់ ដោះស្រាយជាមួយប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋទាំងនោះនៅតែតវ៉ាទៀត លោកនឹងបញ្ជូនករណីនេះ ទៅថ្នាក់ខេត្តឲ្យដោះស្រាយវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post