Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ ហេតុតែឆោតល្ងង់ បានចាញ់បោកក្រុមទម្លាក់យោង ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ហើយនាំទៅដោះដូរយកគ្រឿងអល័ង្កាអស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ អេន ពៅ អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល រួមជាមួយប្តី ជាមេការហាង នៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភារៈបាត់បង់រួមមាន៖ មានកងដៃ ចំនួន១៨កង ខ្សែកប្លាទីន២ជី ទូរស័ព្ទដៃមួយគ្រឿង លុយ១ម៉ឺនរៀល បន្សល់ទុកឲ្យវិញ ខ្សៃកក្រឡៃមួយខ្សែ ទុកកាន់យកទៅប្តឹងប៉ូលិស។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគាត់ដើរចេញពីបន្ទប់ជួល ឆ្ពោះទៅធ្វើការរោងចក្រ ក្បែរនោះ ត្រូវបានស្រ្តីសង្ស័យម្នាក់ ដើរមកសួរថាមានរើសបានកញ្ចប់ថង់មាសអត់ ព្រោះគេជ្រុះបាត់ នាងមិនទាន់តែឆ្លើងផង ស្រាប់តែមានស្រ្តីម្នាក់ និងបុរសម្នាក់ ជិះម៉ូតូស្មាស់មួយគ្រឿង មិនចាំស្លាកលេខ ឌុបគ្នាមកដល់ប្រាប់ថា កុំមាត់គេរើសបាន ទុកឲ្យទៅដូរចែកគ្នា ហើយបញ្ចុះបញ្ចូលឌុបនាង រួមដំណើរជាមួយបុរស២នាក់ទៀត សរុបជនសង្ស័យ៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ឌុបនាងចេញពីខាងក្រោយផ្សារកាណាស៊ីធី កាត់តាមផ្លូវភូមិព្រៃល្វា ឆ្ពោះទៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ទើបឈប់ ស្រ្តីសង្ស័យ លាត បង្ហាញកញ្ចប់ថង់ ឲ្យមើលឃើញលោហៈក្រហមច្រាល ហុចឲ្យកាន់ រួចចាប់ទាញដៃ ច្បូតយកកង់ដៃអស់១៨កង ដោះយកខ្សែក ឆក់យកទូរស័ព្ទ និងលុយ ហើយឡើងជិះម៉ូតូ គេចចេញបាត់ ភ្លាមនោះនាងក៏មើលក្នុងថង់ ឃើញដឹងថាគ្រឿងក្រឡៃ បោះគ្រវ៉ាត់ចោលទៅក្នុងទឹកស្រែ ទ្រហោយំ ហើយដើរទៅក្នុងភូមិ ប្រាប់អ្នកភូមិឲ្យជួយ ឯណាបើក្រុមជនសង្ស័យគេចបាត់ទៅអស់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនាំទៅចុះរាវរកកញ្ចប់ថង់មាស មកទុកគ្រាន់កាន់យកទៅប្តឹងប៉ូលិស។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានប្រជាពលរដ្ឋ ឌុបជូនទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor