header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​ក្រោយ​​បញ្ចប់​ការ​ត្រួតពិនិត្យ​ អាជ្ញាធរ​ចម្រុះ​ បាន​សម្រេច​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន​ ២កន្លែង ​នៅ​កោះពេជ្រ​ ដែលអត់ច្បាប់​ប្រតិបត្តិការ​អាជីវកម្ម​លើ​សេវាកម្ម​ផ្ញើ វេរ ប្តូរ​ប្រាក់​ ក៏ ដូចជាប្រមែប្រមូល ប្រាក់ពីអតិធិជនក្នុងការជួញដូរ​កាស់អេឡិចត្រូនិក (digital asset​/cryptocurrency)។

អាជ្ញាធរជំនាញ និងសមត្ថកិច្ច​ចម្រុះ​ រួម​មាន​ក្រុម​ការងារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​កម្លាំង​នគរបាលជាតិ​នៃ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​មួយ​ឈ្មោះ​ BIQUAN TECHNOLOGY (ប៊ីឈាន​ តិចណូឡូជី​)​ ស្ថិត​នៅ​ផ្ទះ​លេខ​ S-58 ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ ទីតាំង​មួយ​ទៀត​ឈ្មោះ​ Hui Shang International Remittances មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ​ S-59 ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ គឺ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​អគ្គស្នងការ​នគរបាល​ជាតិ​ ចុះ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និងការចរាចរខុសច្បាប់ កាស់អេឡិចត្រូនិក។

សមាសភាព​ចូលរួម​ មាន​លោក ​សៀង​ ធីរិទ្ធ​ អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​,​ លោក​ឧត្ដមសេនីយ៍ទោ​ មៀច​ ដេវីត​ អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ នៃ​អគ្គស្នងការ​នគរបាលជាតិ​,​ លោក​ ម៉ែន​ ភក្តី​ ប្រធាន​នាយកដ្ឋាន​អាជ្ញាប័ណ្ណ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​មន្ត្រី​មួយ​ចំនួន​ទៀត​។

ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ អាជ្ញាធរ​បាន​សម្រេច​ ផ្អាក​អាជីវកម្ម​ទាំង​ស្រុង​​ រហូត​ដល់​មាន​ការ​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ស្របច្បាប់​,​ ណាត់​ជួប​បង្ហាញ​អាជ្ញាប័ណ្ណ​ ឬ​ការ​អនុញ្ញាត​ប្រកប​អាជីវកម្ម​ នៅ​ថ្ងៃ​ពុធ​ ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ទីតាំង​ដដែល​ ជាមួយ​វត្តមាន​ម្ចាស់​ក្រុមហ៊ុន​,​ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ ចរាចរ​ ទិញ​ លក់​ ទូទាត់​ កាស់អេឡិចត្រូនិក​ ប្រហាក់ប្រហែល​ និង​ប្រមូល​ប្រាក់​ពី​អតិថិជន​,​ ត្រូវ​រុះរើ​ស្លា​ក​អាជីវកម្ម​ចេញ​ Logo Coinups និង​ហាម​រុះរើ​សម្ភារៈ​ទាំងអស់​នៅ​ក្នុង​អគារ​ចេញ​ពី​ទីតាំង​ដើម​។

លោក​ឧត្ដមសេនីយ៍​ទោ​ មៀច​ ដាវីត អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ នៃ​អគ្គស្នងការ​នគរបាលជាតិ បានបញ្ជាក់ឲ្យ​ដឹងថា សមត្ថកិច្ចនិងស្ថាប័នជំនាញបានចុះ ទៅណែនាំតម្រូវអោយក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរ និងលាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជាយើង ដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ ដែល​អាចបានពីជាការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ កំហែងយកតាមប្រព័ន្ធអិនធើណេត ។ល។ ដូច្នេះជនល្មើស មានឱកាសសម្អាត ប្រើប្រាស់ចរាចរប្រាក់យកពីជនរងគ្រោះតាមរយៈក្រុមហ៊ុនអត់ច្បាប់បែបនេះ និងបញ្ចៀសហិរញ្ញបឡទានភេវរកម្ម ក៏ដូចជាការពារប្រជាពលរដ្ឋ អតិថិជន កុំអោយចាញ់បោកចំពោះការបើកអាជីកម្មដែលរាជរដ្ឋាភិបាលមិនអនុញ្ញាត។

លោកបន្តថា ក្រុម​ការងារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​កម្លាំង​នគរបាលជាតិ​នៃ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ​ បានធ្វើកិច្ចការពិនិត្យរដ្ឋបាលលើការបើកអាជីកម្មប្តូរប្រាក់ កាស់អេឡិចត្រូនិច ពាក់ព័ន្ធ និងឯកសារផ្លូវច្បាប់ ចៀសវាងប្រជាពលរដ្ឋ អតិថិជនងាយនឹងរងគ្រោះបាញ់បោកក្រុមហ៊ុនបើកអាជីវកម្មអត់ច្បាប់ទាំងនេះ។

គួរបញ្ជាក់ថា ការបើកអាជីវកម្មប្តូរប្រាក់ដោយគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ត្រូវ មានទោសទណ្ឌដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់ដូចមានចែងក្នុងជំពូក  ទី២ ពីអន្តរការិយកម្មធនាគារ មាត្រា៥ក្នុងចំណុចទី៣បានបញ្ជាក់ថា ៖ អន្តរការីប្រតិស្រុតិ ក្រោមលក្ខខណ្ឌដែលមានកំណត់ ក្នុងបទបញ្ជាឲ្យផ្តល់ជូនធនាគារកណ្តាលជាទៀងទាត់ នៅ របាយការណ៍តាមកាលកំណត់ប្រតិបត្តិការផ្ទេរប្រាក់ ឬការទូទាត់ និងចលនានៃដើមទុនចេញ និងចូលដែលបានអនុវត្ត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសក្រៅទៅតាមរយៈពេល ដែលនឹងកំណត់ដោយធនាគារកណ្តាល ។ ចំណុចទី៥ក៏បានបញ្ជាក់ផងដែរថា អាជីវករប្តូរ ប្រាក់ដល់ដៃ ដែលមានទីតាំងអចល័ត ឬចល័ត អាចធ្វើការប្តូរប្រាក់បាន លុះត្រាតែទទួលការ អនុញ្ញាតជាមុនពីធនាគារកណ្តាល ។ ករណីនេះ ក៏មានចែងនៅទោសបញ្ញាតិ្តតាមមាត្រា២១ ៖ ដូចបញ្ជាក់ថា ៖ ជនណាប្រព្រឹត្តបទល្មើស និងចំណុច៣ ឬចំណុច៤ ឬចំណុច៥ នៃមាត្រា៥ ឬ ប្រព្រឹត្តនឹងមាត្រា១៧នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ និងពិន័យជា ប្រាក់ពី១លានរៀល ដល់១០លានរៀល ឬផ្តន្ទាទោសណាមួយ ក្នុងទោសទាំង២នេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post