សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថាការតែងតាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក គឺផ្អែកលើសមត្ថភាពទាំងស្រុង មិនមែនធ្វើឡើងតាមរយៈខ្សែស្រឡាយនោះទេ។
សម្តេចពិជ័យសេនា បន្ថែមថា៖ អ្នកខ្លះបានថា នេះបូកបញ្ជូលឥទ្ធិពលរបស់ឪពុក ប៉ុន្តែមិនបានមើលសមត្ថភាពរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដ៏ជាក់លាក់ទេ។ បើគេបានមើលហើយ គេដឹង គេនឹងទទួលស្គាល់។
សម្រាប់កងយោធពលខេមរភូមិន្ទយើងខ្ញុំទាំងអស់សុទ្ធតែទទួលស្គាល់សមត្ថភាព និងកិច្ចការរបស់គេ ដែលបានធ្វើកន្លងមកនោះល្អប្រសើរណាស់ គ្រប់កិច្ចការងារទាំងអស់ដែលគេបានសាកល្បង សាកដឹកនាំ ទទួលបានជោគជ័យជាបន្តបន្ទាប់។
ការថ្លែងបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើង ក្នុងប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន៣រូប ដែលសម្តេចពិជ័យសេនាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញាឆ្នា២០១៨។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានតួនាទីជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើតួនាទីបច្ចុប្បន្ន ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គភាពប្រឆាំងអំពើភេរវកម្ម។