
ភ្នំពេញៈ យុវតីស្រស់សោភាម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ខណៈបើកម៉ូតូតាមផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលម៉ូតូ ហើយត្រូវម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែមកកិនពីលើ។ ក្រោយពីកើតហេតុ អ្នកបើកម៉ូតូរ៉ឺម៉កដឹកបន្លែបានបើកគេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខហាងលក់ម៉ូតូហុងដា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ លី ស៊ាវហ្វុង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀននៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ស្នាក់នៅផ្ទះលេខ១៤៥ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេជនរងគ្រោះបើកម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-1335 ម្នាក់ឯង ដោយគ្មានពាក់មួកសុវត្ថិភាព តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលម៉ូតូ ទើបត្រូវម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ដែលធ្វើដំណើរតាមក្រោយកិនពីលើ បណ្ដាលឲ្យបែកក្បាលហូរឈាមជោកពេញផ្លូវ ស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ បានបើកគេចខ្លួនបាត់។


បន្ទាប់ពីកើតហេតុ សាកសព និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការវាស់វែងរួចរាល់៕



