header ads

Sponsor

រិទ្ធី

ក្រសួងបរិស្ថានបន្តចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ទន្ទ្រាន រុក រានយកដីក្នុងតំបន់ការពារធម្មជាតិ។ នៅក្នុង      រយៈពេលពីរថ្ងៃមកនេះ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ ខេត្តព្រះសីហនុ ដែលពលរដ្ឋមួយចំនួនបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និង        បង្ក្រាបការទន្ទ្រាន កាន់កាប់ដីនៅឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ និងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបាត់ដំបងជាដើម។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

តាមការចុះផ្សាយដដែលបានឱ្យដឹងថា នាពេលថ្មីៗនេះ តាមតំបន់ការពារធម្មជាតិមួយចំនួន បានទទួលរងនូវការកាប់ទន្ទ្រានយកដី និងពង្រីកដីចំការមានស្រាប់ ទៅលើតំបន់ហាមឃាត់ នៅក្នុងតំបន់ការពារ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន និងក្រោមការញុះញង់របស់ក្រុមឈ្មួញរកស៊ីទិញដីធ្លី

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា៖ ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លីដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា ជាដើមដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។

អ្នកនាំពាក្យរូបនេះបានបន្តថា៖ ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការ     ទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

ការចុះផ្សាយស្រង់សម្តីលោក លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។

យោងតាមបទបញ្ចាររាជរដ្ឋាភិបាលកម្ពុជាលេខ ០១ បប ចុះថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១២ ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ឋភាពនៃការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ច និងបានបើកយុទ្ឋនាការ វាស់វែងចេញកម្មសិទ្ឋិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងដាំដុះជាក់ស្តែងក្រោមបេសកកម្ម គោលនយោបាយចាស់ សកម្មភាពថ្មី។

ចំពោះករណី ប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋថ្មៗ ក្រោយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ មិនអាចយកដោះស្រាយបានឡើយ។ 

ចុងបញ្ចប់ក្រសួងបរិស្ថានបានដាក់វិធានការទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post