អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ​ រស់នៅក្នុង​ក្រុង​ច្បារមន ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ទាំងមូល បាន​អំពាវនាវ​ ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ (​ឆ្នោត​យួន​) ខ្មែរ ដែលមាន​មន្ត្រី​អាវុធហត្ថ​ ពាក់​ស័ក្ដិ​៤​កន្លះ​ ឈ្មោះ អ៊ុង រិទ្ធី ជា​មេ​ធំ ​នៅក្នុង​ខេត្តកំពង់ស្ពឺ ជាបន្ទាន់ផង​ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែលថ្នាក់លើបានកំណត់នោះ ប៉ុន្តរហូតមកដល់ពេលនេះ បើទោះបីជាសារព័ត៌មាននៅក្នុងស្រុកជាច្រើន អង្គភាពបានចុះផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ហាក់បីដូចជាមិនចាប់អារម្មណ៍ និងគ្មានឆន្ទៈក្នុងការបង្ក្រាបល្បែងកន្ទុយលេខមួយនេះឡើយ ដោយគេចាត់ទុកថា ជារឿងល្បែងធម្មតាតែប៉ុណ្ណោះ មិនមែនជាល្បែងខុសច្បាប់ឡើយ ទើបអស់លោកសមត្ថកិច្ច និងអាជ្ញាធរខេត្តកំពង់ស្ពឺ មិនយកចិត្តទុកដាក់បង្ក្រាបនោះ ឬក៏អស់លោកទទួលលាភសក្ការគ្រប់គ្នាអស់ហើយទេដឹង​? ។

បើតាម ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ក្នុង​ក្រុង​ច្បារមន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងស្រដៀងគ្នា ថា មាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់ នៅ​ក្នុង​ខេត្តកំពង់ស្ពឺនេះ នៅចាំ​ទទួលផល​ប្រយោជន៍​(លុយ) ពី​មេ​ឆ្នោត​ឈ្មោះ អ៊ុង រិ​ទ្ធីនេះ ផងដែរ ទើប​គ្មាន​សមត្ថកិច្ច​នគរបាល ឬអាវុធហត្ថ​ណា​ចាត់វិធានការ​បង្ក្រាប​ល្បែង​ឆ្នោត ​ឬ​កន្ទុយលេខ​ នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះនោះ ។

ជាក់ស្ដែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅហើយ​ ទុក​ឲ្យមេឆ្នោត ​ឈ្មោះ អ៊ុង រិទ្ធី ផង និងជាមន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បើក​ល្បែង​កន្ទុយលេខ​តាម​អំពើ​ចិត្ត​របស់ខ្លួន ​មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិចសោះ ។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់ ​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​មេ​កន្ទុយលេខ ​(​មេ​ឆ្នោត​យួន​)​ ក្នុង​ខេត្តកំពង់ស្ពឺ រហូត​មាន​លុយ​សង់​វីឡា យ៉ាង​ស្ដុកស្ដម្ភ​ថែមទៀតផង ។ ដូច្នេះហើយ​ ទើប​មេ​ឆ្នោត​យួន ​នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង ​ក្នុង​ការបើក​ល្បែងស៊ីសង​ខុសច្បាប់ ហើយ​មាន​លុយ​ទិញ​បុណ្យស័ក្ដិ​យ៉ាង​ក្រអឺតក្រទម​ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ ។

អ្នក​កត់​កន្ទុយលេខ​នៅក្នុង​ផ្សារ​កំពង់ស្ពឺ ក៏ដូចជា​នៅ​ក្រុង​ច្បារមន ​និង​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវគេ​ដឹងថា​ ជា​កូនកញ្ច្រែង​របស់​មេ​ឆ្នោត​ឈ្មោះ អ៊ុង រិទ្ធី ដែលជា​មន្ត្រី​អាវុធហត្ថ​ពាក់​ស័ក្ដិ​៤​កន្លះ ហើយ​ជាម​នុស្ស​ស្និទ្ធជាមួយ​លោក ជូ សារុន មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ថែមទៀតផងនោះ ទៅណា ក៏ទៅជាមួយគ្នាដែរ។

ក្រោយពីក្រុមអ្នកយកព័ត៌មានបានផ្សព្វផ្សាយពីទង្វើរបស់លោកសក្តិ៤កន្លះ មេកន្ទុយលេខធំនេះ លេចឮថា លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់ទៅលោក មេកន្ទុយលេខធំនោះថា កុំទៅខ្វល់ជាមួយពួកកាសែត វាចុះផ្សាយជារឿងរបស់វា ហើយបើមានលេខទូរសព្ទ័ប្លែកខលចូល ដាច់ខាតកុំលើក មេគេជាអ្នកកាងហើយ(Sic) ។

កន្លងមក លោក អ៊ុង រិទ្ធី ធ្លាប់រត់រកការអន្តរាគមន៍ជួបអ្នកកាសែតមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យបញ្ឈប់ការចេញផ្សាយរឿងលោករកស៊ីជាមេកន្ទុយលេខធំនេះតទៅទៀត ដោយគេដឹងថា ជាកាសែតរបស់មន្ត្រី ប៉េអឹម មួយដែលអស់លុយរាប់ពាន់ដុល្លារ ក្នុងការបញ្ឈប់ការផ្សាយបន្តនោះ ។

ប្រជាពលរដ្ឋ​ និង​អាជីវករ​នៅ​ផ្សារ​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែង​កន្ទុយលេខ​ (​ឆ្នោត​យួន​) រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​មិនទាន់​ឃើញ​លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​នោះទេ​ ។ ដូច្នេះ​ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ជាពិសេស​ល្បែង​កន្ទុយលេខ​ក្នុង​ខេត្តកំពង់ស្ពឺ ជាបន្ទាន់​ ដើម្បី​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​ ។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដោយសារ​មេ​នគរបាល​ជាន់ខ្ពស់​ ក្នុង​ខេត្តកំពង់ស្ពឺ គឺជា​បង្អែក​រឹងមាំ​របស់​មេ​ឆ្នោត​យួន​ក្នុង​ខេត្តកំពង់ស្ពឺ ទើប​ល្បែង​ឆ្នោត​យួន​រាលដាល​កាន់តែខ្លាំង ហើយ​មន្ត្រី​អាវុធហត្ថ​ឈ្មោះ អ៊ុង ប្ញ​ទ្ធី គឺជា​មេ​ឆ្នោត​ធំជាងគេ​ នាពេល​បច្ចុប្បន្ននេះ ​។

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក សម សាមួន និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក ជូ សារុន មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​កំពុងតែ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​តែម្តងហើយ ។

ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចថ្នាក់លើ នឹងមានឆន្ទៈក្នុងការបញ្ជាមកថ្នាក់ក្រោម ក្នុងខេត្តកំពង់ស្ពឺ ដែលក្រុមសមត្ថកិច្ចឈ្លក់វង្វេងក្នុងការទទួលបានលាភសក្ការអស់ហើយនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor