ភ្នំពេញៈ ព្រះចៅអធិការ វត្តកំពង់ក្ដុល មានទីតាំងនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីព្រះអង្គបានទ្រុស្តសីលទៅលួចមានស្រីញី មិនចេះខ្មាស់បាប។
ចៅអធិការវត្តកំពង់ក្ដុល បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋចាប់បានហើយនោះ ត្រូវបានអនុគណវត្តស្លែង ចាប់ផ្សឹកភ្លាមៗតែម្ដង។ ក្រៅពីចាប់ផ្សឹកហើយនោះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏បានលើកគ្នាមកតវ៉ាឲ្យដកអាចារ្យចំនួន២នាក់ផ្សេងទៀត ដោយបានចោទថា អាចារ្យទាំងពីរនាក់នេះ បានសមគំនិតគ្នាជាមួយចៅអធិការ ដែលពាក់ព័ន្ធរឿងស្រីញី។
បន្ទាប់ពីចាប់ផ្សឹករួចរាល់អតីតចៅអធិការរូបនេះ ត្រូវបានចាប់បញ្ចូលក្នុងរថយន្ដរបស់នគរបាល ដើម្បីដឹកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោផងដែរ។ ក្រោយសួរនាំ និងពិនិត្យទឹកនោម កម្លាំងសមត្ថកិច្ចរកឃើញថា អតីតសង្ឈនេះ ក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានអះអាងថា ព្រះចៅអធិការរូបនេះតែងតែលួចទៅជួបជាមួយស្រីស្នេហ៍ស្ទើររៀងរាល់យប់ ពោលចាប់ពីម៉ោង៩យប់ ព្រះសង្ឈអង្គនេះបានដោះស្បងជីវចេញ ហើយស្លៀកខោអាវដូចប្រជាពលរដ្ឋ ទៅស្នាក់នៅផ្ទះរបស់ស្រីស្នេហ៍ លុះដល់ម៉ោង៣ទាបភ្លឺ ទើបត្រឡប់ចូលមកវត្តវិញ និងគ្រងស្បងជីវដូចធម្មតា៕