ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន៣រូប រួមមាន ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នា២០១៨ បានចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់តែងតាំងមុខងារ និង ដំឡើងឋានន្តរស័ក្តិ តាមសំណើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ក្នុងនោះ នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិ បានមានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ បំពាក់ឋានន្តរស័ក្តិ និងតែងតាំងមុខងារអគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និងមេបញ្ជាការ កងទ័ពជើងគោក ក្នុងជួរកងយោធពលខេមរៈភូមិន្ទ ដែលបានធ្វើនៅវិមានសន្តិភាពនារសៀលនេះថា ការផ្លាស់ប្តូ និងដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានជាន់ខ្ពស់នៅពេលនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារដឹកនាំ ក្នុងជួរកងទ័ព ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព ជាពិសេស គឺជ្រើសរើសមេដឹកនាំកងទ័ព ដែលជាក្បាលម៉ាស៊ីនបញ្ជា ដែលមានភាពជាក់លាក់មួយ និងមានសមត្ថភាពពិតប្រាកដ។
សម្តេចពិជ័យសេនា បញ្ជាក់ថា រឿងនេះមិនមានអ្វីចម្លែកនោះទេ គឺមានការផ្លាស់ប្តូរបែបនេះ ជាបន្តបន្ទាប់នៅតាមអង្គភាពផ្សេងៗទៀត។
ចំពោះការតែងតាំង លោក នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា កងទ័ពទាំងអស់ បានយល់ជ្រួលជ្រាប និងមានការគាំទ្រពេញទំហឹង ចំពោះការតែងតាំង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមពីលើមុខងាបច្ចុប្បន្ន ព្រោះថា នាយឧត្តមសេនីយ៍ឯករូបនេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលត្រូវលើការដឹកនាំកងទ័ព កន្លងមកស្នាដៃជាច្រើន ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើប្រកបដោយភាពជោគជ័យ៕