រិទ្ធី

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ជាទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែសម្រាប់សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបខ្ញុំ នៅខេត្តសៀមរាប។

សម្តេច ហ៊ុន សែន បានរំលឹកថា៖ នៅម៉ោង៨ និង៥២នាទី ថ្ងៃទី២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវធ្វើឱ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

តាមរយៈហ្វេសប៊ុកសម្តេច ហ៊ុន សែន បានរៀបរាប់ថា៖ ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឱ្យខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់តាំងពីពេលនោះមក។

នាយករដ្ឋមន្ត្រីកាន់អំណាចជាង២០ឆ្នាំរូបនេះអះអាងថា៖ ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប?បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ?នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ។

សម្តេចក៏បានអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារខ្ញុំនាពេលនោះ។ ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមកបានជួយជីវិតខ្ញុំអោយខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើអោយខ្ញុំបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។

ចុងបញ្ចប់នៃការសរសេរនេះ សម្តេចថា៖ ខ្ញុំបានអហោសិកម្មឱ្យអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនអោយពួកអ្នកសម្លាប់ខ្ញុំបានទេ មិនអោយពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៍ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឱ្យខានតែបាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor