header ads

Sponsor

រិទ្ធី

លោក ម៉ម សូណង់ដូ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី និងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ព្រមានប្តឹងលោក សម សរង្ស៊ី អតីតប្រធានអតីគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទ្ទេសនៅបរទេស ដោយចោទថាលោក សម រង្ស៊ី ប្រមាថឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នេះជាការសន្ទនាក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមការផ្សាយផ្ទាល់ក្នុងហ្វេសប៊ុកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ​លោក ម៉ម សូណង់ដូ ថាលោកនឹងប្រមូលសមាជិកទាំងអស់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្តឹង លោក សម រង្ស៊ី ទៅអង្គការសហប្រជាជាតិដោយសារ លោក សម រង្ស៊ី មើលងាយគណបក្សទាំង១៦ដែលចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

លោក ម៉ម សូណង់ដូ និយាយថា៖ ខ្ញុំនឹងប្រមូលគណបក្សទាំង១៦ធ្វើពាក្យប្តឹងទៅអូនុយ[ONU] ទាក់ទងទៅសម រង្ស៊ី ប្រមាថមើលងាយគណបក្ស១៦ដែលគេចូលរួមដើម្បីអភិវឌ្ឍន៍ជាតិ។ គេមិនទាន់ចាប់ផ្តើមផងគាត់មើលងាយគេមុនហើយ។

លោក ម៉ម សូណង់ដូ ដែលទើបតែត្រឡប់ពីប្រទេសបារាំងបន្ថែមថា ប្រទេសលោកសេរី និងអង្គការសហប្រជាជាតិដែលអំពាវនាវ និងដែលព្រមានដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាពីបញ្ហាប្រជាធិបតេយ្យកន្លងមក ដោយសារប្រទេសទាំងនោះស្តាប់បញ្ហាតែម្ខាង។ លោកអះអាងថា សហភាពអឺរ៉ុបមិនទាន់បានស្តាប់ការពន្យល់របស់លោកទេ។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជូនដល់សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន៣០រូប​ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

សូមបញ្ជាក់ថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមិនទទួលបានអាសនៈក្នុងរដ្ឋសភាទេ សម្រាប់ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post