កោះកុងៈ យុវជនម្នាក់ ជាមួយក្រុមគ្រួសារ បាននាំគ្នាទៅលេងកម្សាន្ត នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ ស្រុកកោះកុង ក៏បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹក ខណៈដែលទឹកកំពុងហូរខ្លាំង ក៏គួចយកបាត់ កាលពីវេលាម៉ោង៣៖៥៤នាទីរសៀលថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។
ជនរងគ្រោះ ដែលបានបាត់ខ្លួននោះ ឈ្មោះ សម្បត្តិ៍ ចាន់ចាវ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃ ក្រោមការដឹកនាំដោយលោកអនុសេនីយ៍ រស់ វ៉ាន់ថន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាវរ២ ក្រុមប្រឹក្សាឃុំ និងក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្វែងរកជនរងគ្រោះ រហូតដល់ម៉ោង ៩៖៣០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល នៅពុំទាន់រកឃើញនៅឡើយ ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៅតែបន្តស្វែងរកជនរងគ្រោះ៕