ភ្នំពេញៈ នៅខណ្ឌមានជ័យ ទោះចៅហ្វាយខណ្ឌចេញបញ្ជាឲ្យបង្ក្រាបទាំងល្បែងស៊ីសង ទាំងគ្រឿងញៀនឲ្យអស់ពីក្នុងមូលដ្ឋាន តែបែរជាទុកចោលផ្ទុយនឹងបញ្ជាទៅវិញ រីឯអ្នកមានតួនាទី និងភារកិច្ចដែលអាចធ្វើទៅបាន ក៏ពុំមានអ្នកណាហ៊ានបង្ក្រាបឡើយ ទាំងដឹងច្បាស់ថា ក្នុងទីតាំងនោះមានលួចបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់ ឬប្រមូលផ្ដុំទៅមុខសញ្ញាគ្រឿងញៀនក៏ដោយ ឬព្រោះបើបង្ក្រាបទៅប៉ះឆ្នាំងបាយរបស់មេ មេស្ដីឲ្យទៀត។
ការពិតមួយដែលអង្គភាពសាព័ត៌មាន CAM POST លើកយកមកផ្សាយនេះ គឺអ្នកដែលមានឆន្ទះក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ទាំងមិនចង់បានផលប្រយោជន៍ បែរជាមិនឲ្យតម្លៃ ព្រោះតែបង្រ្កាបប៉ះចំឆ្នាំបាយគេ បែរជាមានរឿងដល់ខ្លួនឯង ដែលជាអ្នកបង្ក្រាបទៅវិញ ហើយថែមទាំងកាងបទល្មើសនោះ ឲ្យបទល្មើសមានតម្លៃជាងទៀត ដែលធ្វើឲ្យមន្ត្រីនគរបាលម្នាក់ ជានាយរងផ្នែក នៃអធិការដ្ឋានខណ្ឌមានជ័យ សម្រេចចិត្តរៀបរាប់ទាំងមានវិប្បដិសារីបង្ហោះលើបណ្ដាញសង្គមរបស់លោកឈ្មោះថា "Vit Yea" កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលមានខ្លឹមសារដូចខាងក្រោមនេះថា៖
"មានឆន្ទះបង្រ្កាបបទល្មើស មិនដែលចង់បានផលប្រយោជន៍ គេមិនឲ្យតម្លៃហើយ បែរជាកាងបទល្មើស ឲ្យបទល្មើសមានតម្លៃ ជាងបង្រ្កាបចំឆ្នាំបាយគេ មានរឿនដល់ខ្លួនវិញ សម័យនេះ ស្នាដៃដែលខំបង្រ្កាប ចុងក្រោយបានត្រឹមវិប្បត្តិសារី ចាប់ពីថ្ងៃនេះ លែងចង់បានស្នាដៃទៀតហើយ អ្នកបង្រ្កាបចាំតែខុស អ្នកកាងមានលុយមានទ្បាន ចាប់ពីថ្ងៃនេះ បទល្មើសគ្រឿងញៀន ឈប់ដឹងឈប់លឺ ប៉ូលិសដែលបង្រ្កាបបទល្មើសដោយឆន្ទះ ស្មោះត្រង់គ្មានតម្លៃទេ សម័យនេះ ថោកទាប"។
បើដូចតាមការរៀបរាប់របស់មន្ត្រីនគរបាល ដែលជានាយរងផ្នែក នៃអធិការដ្ឋានខណ្ឌមានជ័យ ខាងលើនេះពិតមែន តើធ្វើដូចម្ដេចដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានបានទៅ? បើមេអ្នកកាងជាប់ មិនផ្ដល់សិទ្ធិអំណាចដល់ផ្នែកពាក់ព័ន្ធ ក្នុងការចុះបង្ក្រាបបទល្មើសជាក់ស្ដែង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះនោះ?។
ជាពិសេសទីផ្សារជួញដូរគ្រឿងញៀនដ៏ធំទី២ បន្ទាប់ពីតំបន់បឹងឈូក ដែលលក់ថ្នាំដូចផ្សារត្រីទាំងយប់ទាំងថ្ងៃនោះ គឺវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្រោយរោងចក្រតាក់ហ្វាត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មិនដែលឃើញមេប៉ូលិសខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះទៅបង្ក្រាបឡើយ ឃើញតែកម្លាំងនគរបាលល្បាតខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ មកធ្វើការពួនស្ទាក់នៅជិតច្រកចេញចូល និងជិតទីតាំងជួញដូរគ្រឿងញៀន ដើម្បីចាំមើលអ្នកណាចូលទៅទិញថ្នាំញៀន រួចចេញមកវិញ គឺត្រូវកម្លាំងឃាត់សួរនាំ បើសង្ស័យឆែកឆេរតែម្ដង ប៉ុន្តែរាល់ពេលឃាត់ខ្លួន គឺបានតែជនសង្ស័យមានគ្រឿងញៀន១កញ្ចប់តូច ឬ៤-៥កញ្ចប់តូចប៉ុណ្ណោះ រួចបញ្ចូនទៅកសាងសំណុំរឿង មិនដែលឃាត់បានមេក្លោងណា ឬលើសពីនោះដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនធ្វើដំណើរឆ្លងកាត់ផ្លូវ៦០ម៉ែត្រនោះ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវតិ្ថភាព និងរិះគន់ចំៗថា "ធ្វើលំៗឲ្យតែល្អមើលប៉ុណ្ណោះ"៕