អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ យុវជន​ម្នាក់ បានជិះម៉ូតូហុងដា សេ១២៥ ចេញពីដេកផ្ទះសង្សារបំណងទៅបន្ទប់ជួលខ្លួនវិញ ស្រាប់តែពេលជិះជិតដល់អតីតរោងកុនបូកគោ ក្នុងទឹកដីខណ្ឌចំការមក ក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មកវាយប្លន់យកម៉ូតូ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​វាយប្លន់យកម៉ូតូ​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ​ខែកញ្ញា ​ឆ្នាំ២០១៨​ នៅចំណុចមុខម៉ាស្ទ័រ​ស៊ុបគីស៊ុប​ (អតីតរោងកុនបូកគោ) តាមផ្លូវលេខ៩៥​ កែងផ្លូវម៉ៅសេទុង​ សង្កាត់បឹកកេងកងទី៣​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ​ រុណ រ័ត្ននី ភេទប្រុស អាយុ២០​ឆ្នាំ​ មុខរបរបុគ្គលិកម៉ាស្ទ័រស៊ុបគីស៊ុប​ ស្នាក់នៅបន្ទប់ផ្ទះជួលម្ដុំស្ទឹងមានជ័យ​ ជិះម៉ូតូម៉ាកហុងដា​ សេ១២៥ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខឧត្តមានជ័​យ​ 1D-3069។

ជនរងគ្រោះ បានឲ្យ​ដឹងថា​ មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីបន្ទប់ជួលរបស់សង្សារ ដែលនៅក្បែរកន្លែងកើតហេតុ បំណងត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួន នៅម្តុំស្ទឹងមានជ័យ​វិញ ដោយធ្វើដំណើរតាមផ្លូវលេខ៩៥​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ វ័យស្ទាវៗ ជិះម៉ូតូ២គ្រឿង (មិនចាំស្លាកលេខ) មកពីក្រោយ ហើយបានជិះមកស្ទាក់មុខ​ រួចស្ទុះមកវាយរូបគាត់មួយដៃ ធ្វើឲ្យ​គាត់ភ័យ រត់ចុះចោលម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់ បានចុះមកលើកម៉ូតូរបស់ខ្លួនជិះយកចេញទៅបាត់ស្រមោល មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលបឹងកេងកង៣ ចេញអន្តរាគមន៍ឡើយ ស្របពេលថ្មីៗនេះ អភិបាល​រាជធានី​ភ្នំពេញ ទើបដាក់ចេញបទបញ្ជា​ឲ្យ​ប៉ូ​លិ​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បម្រើការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។

ផ្ទុយទៅវិញក្រោយពេលកើតហេតុអស់រយៈពេលជាងកន្លះម៉ោងទៅហើយ នៅមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុទៀត ទើបក្រុមអ្នកសាព័ត៌មាន ដឹកជនរងគ្រោះជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកេងកងទី៣ ដើម្បីដាក់ពាក្យបណ្តឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor