
ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខនគរបាល ជ្រុលទៅបុករថយន្តឡិចស៊ីស៣៣០មួយគ្រឿងពីក្រោយ រុញទៅបុកខឿនការាស់សាំងតូតាល់ រួចរេចង្កូតទៅបុកខឿនថ្មសម្រាប់ចាក់សាំង ហើយរថយន្តបង្កបើករត់ជាង១គីឡូម៉ែត្រ បែកធុងទឹកហូរប្រេងម៉ាស៊ីនពេញផ្លូវ ទើបទៅមុខលេងរួច។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែង និងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល 2-5168 តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ទិសដៅពីលិចទៅកើត ក្នុងល្បឿងយ៉ាងលឿន លុះដល់ចំណុចកើតហេតុខាងលើ កែងនិងផ្លូវ១០០៣ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX-៣៣០ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AR-0278 បើកបរដោយបុរសជនជាតិចិនម្នាក់ ពីក្រោយខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីស ជ្រុលទៅបុកខឿនការាស់សាំងតូតាល់ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។ ចំណែករថយន្តបង្ករេចង្កូតមកខាងស្តាំជ្រុលទៅបុកខឿនថ្មសម្រាប់ចាក់សាំងពេញទំហឹងហើយមិនបានឈប់ដោះស្រាយគ្នានោះទេ បានព្យាយាមបើករត់ទាំងបែកធុងទឹក និងហូរប្រេងម៉ាស៊ីនពេញផ្លូវដល់ចំណុចមុខការាស់សាំង PTT ផ្លូវ៥៩៨ ក្នុងសង្កាត់ទួសសង្កែ២ ខណ្ឌឫស្សីកែវ ទើបបើកទៅមុខលេងរួច។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនងទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕



