
ក្រចេះ៖ ស្រ្តី២នាក់ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀត បានរងរបួសធ្ងន់ ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៤០នាទីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែក ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បុកជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់១នាក់ ននិងស្រ្តីម្នាក់ទៀត រងរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់។
សមត្ថកិច្ចបន្តថា ជនរងគ្រោះទី១ ឈ្មោះ ហ៊ន ស្រ៊ន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ រស់នៅចំណុចវាលខ្សាច ភូមិឃ្សឹមក្រៅឃុំ ឃ្សឹមស្រុកស្នួល ខេត្តក្រចេះ (ស្លាប់)។ ជនរងគ្រោះទី២ ឈ្មោះ សើង សិទ្ធ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ រស់នៅចំណុចខាងលើ របួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូមករក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកសពជនរងគ្រោះម្នាក់ទៀត សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
