កែបៈ អតីតអ្នកប្រចាំការឲ្យសញ្ញារថភ្លើងឈប់ នៅស្ថានីយរថភ្លើងដំណាក់ចង្អើរ គឺលោក អីុង សាន អាយុ៦៥ឆ្នាំ បាននិយាយប្រាប់ឲ្យដឹងថា រូបសំណាក់ ដែលគេស្គាល់ថា ឈ្មោះ តារេត នេះមានកម្ពស់ជិត៥ម៉ែត្រ កសាងក្នុងឆ្នាំ១៩៥៤ កាលណោះព្រះបិតាជាតិ បរមរតនកោដ្ឋ នរោត្តម សីហនុ លោកជាអ្នកគិតគូរធ្វើរូបសំណាក់នេះឡើង ជាអ្នកតំណាងឲ្យកម្មករធ្វើផ្លូវដែក រថភ្លើងនេះ ។
អតីតអ្នកឲ្យសញ្ញារថភ្លើងឈប់នៅស្ថានីយដំណាក់ចង្អើរនិយាយប្រាប់បន្តថា ពីមុន រូបសំណាក់ តារេត ស្អាតណាស់ ដៃទាំងពីរ បានកាន់ប៉ែល ចូកថ្មយ៉ាងសកម្ម បំពេញការងារឋានៈជាកម្មករ ។ លោកបន្តថា បន្ទាប់ពីមានសង្រ្គាមជាបន្តបន្ទាប់ រូបសំណាក់ តារេត ត្រូវរងគ្រោះ គេបាញ់ធ្លុះធ្លាយអស់ សូម្បីតែស្ថានីយជាកន្លែងធ្វើការ ក៏ខ្ទេចខ្ទីអស់ដែរ ។
លោក អីុង សាន និយាយថា រូបលោកបានចូលនិវត្តន៍ទៅហើយ ប៉ុន្តែលោកនៅអាល័យរូបសំណាក់ តារេត នៅឈរកាន់ប៉ែល គួរឲ្យអាណិត រហូតដល់មានអ្នកភូមិនាំគ្នាមកបន់សុំសេចក្ដីសុខក៏មាន ។
លោកសំណូមពរឲ្យអាជ្ញាធរ ខេត្ត ស្រុក រហូតដល់ប្រមុខដឹកនាំ ជួយគិតគូររូបសំណាក់នេះឡើងវិញផង ។
គេបានដឹងថា រថភ្លើងដែលរត់ពីក្រុងភ្នំពេញ មកកាន់ខេត្តព្រះសីហនុ គឺដឹកតែថ្មធ្យូង អូស សុីទែនប្រេង តែប៉ុណ្ណោះ៕