
ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោកសម រង្ស៊ី និងក្រុមមួយចំនួនទៀត គឺជាអាយ៉ងដាច់ថ្លៃរបស់ចក្រពត្តិនិយមពិភពលោក។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីលោក សម រង្ស៊ី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក John McCain កាលពីថ្ងៃទី៣០ សីហាកន្លងមក។ ជាងនេះលោក សម រង្ស៊ី បានអះអាងថា ពិធីនេះជានិមិត្តរូបនៃការដឹងគុណរបស់ជនជាតិខ្មែរ ចំពោះលោក John McCain ដែលជាវីរបុរសការពារបុព្វហេតុសេរីភាព សម្រាប់ទូទាំងពិភពលោក។
យ៉ាងណាក្តីសម្រាប់ទង្វើរបស់លោក សម រង្ស៊ី ត្រូវបានលោក សុខ ឥសានថា ក្រុមឧទ្ទាមខ្មែរក្រៅច្បាប់ ជាអាយ៉ងដាច់ថ្លៃរបស់ចក្រពត្តិ។
លោក សុខ ឥសាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២ កញ្ញាថា «ការសម្តែងនូវការសោកស្តាយអាឡោះអាល័យរបស់ទណ្ឌិត សម រង្សី និងក្រុមឧទ្ទាមខ្មែរក្រៅច្បាប់មួយក្រុម ចំពោះមរណភា ពរបស់លោក John McCain បញ្ជាក់ច្បាស់ថា ពួកខ្មែរឧទ្ទាមក្រៅច្បាប់ បានដាក់ខ្លួន ដាក់កាយដោយឥតលក្ខខណ្ឌធ្វើជាអាយ៉ងដាច់ថ្លៃរបស់ចក្រពត្តិនិយមពិភពលោក ដោយបានកោត សរសើរលោក ម៉ាក់ ខេន ថាជាវីរបុរសរបស់ខ្លួន និងជាអ្នកប្រជាធិបតេយ្យដ៏ឆ្នើមម្នាក់ផង»។
លោកបន្តថា លោក ម៉ាក់ ខេន ជាអតីតទាហានទ័ពអាកាស និងម៉ារីនសរអាសម័យសង្គ្រាម ឈ្លានពានវៀតណាម នាទសវត្សរ៍ទី៦០ ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកពីយន្តហោះ បេ៥២ ទាំងយប់ទាំងថ្ងៃលើប្រជាជនវៀតណាម ហើយយន្តហោះលោក ម៉ាក់ ខេន ត្រូវប្រជាជនវៀតណាមបាញ់ធ្លាក់ និងលោក John McCain ត្រូវចាប់ខ្លួនជាឈ្លើយសិកដាក់គុកនៅវៀតណាមជាច្រលនឆ្នាំក្នុងឋានៈជាឧក្រឹដ្ឋជនទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនវៀតណាម អស់ជាច្រើន។ ដូច្នេះលោក ម៉ាក់ ខេន គឺជាសមាជិកចក្រពត្តិមួយរូប ជាឧក្រឹដ្ឋជនសម្លាប់ ប្រជាជនវៀតណាមនៅក្នុងសម័យសង្គ្រាមវៀតណាម និងជាអ្នករំលោភលទ្ធិប្រជាធិបតេយ្យអន្តរជាតិ។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងកម្ពុជា លោក ម៉ាក់ ខេន គឺជាមេក្លោងអង្គការ IRI បណ្តុះបណ្តាលក្រុមឧទ្ទាមខ្មែរឲ្យធ្វើសកម្មភាពបដិវត្តន៍ ពណ៌ ប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕