header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យជាតិធំៗដទៃទៀត នៃព្រះរាជពិធីទា្វរទសមាសរបស់ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា។ តាំងពីបុរាណរៀងមក តែងតែមានប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល១៥ថៃ្ង ដែលយើងហៅថា បិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជាថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយក្ដី តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា ភ្ជុំ គឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំបាយជាដុំៗ ដែលយើងហៅថា "បាយបិណ្ឌ")។

បើតាមតម្រាចារតាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុន គេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀត គេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថា បុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។

មូលហេតុនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្ឌ​" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់បេតបុគ្គល ជាឪពុក ជាម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជា ទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើតាមអត្ថបទរបស់លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន៣ គឺដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាភាសាបាលី ឯពាក្យ "ប្រេត" ជាភាសាសំស្រ្កឹត) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តី ដែលកើតពីផលទានរបស់ខ្លួន។

ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថា ពាក្យទាំងពីរ គឺមានន័យដូចគ្នា។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post