
ភ្នំពេញៈ មេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែមានរថយន្ត កូរ៉ូឡា មួយគ្រឿង បើកបរដោយបុរសស្រវឹងស្រាម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទៅបុកចូលផ្ទះលក់ចាប់ហួយ បណ្ដាលឲ្យ បង្កការភ្ញាក់ផ្អើលទាំងរាត្រីសែនព្រះខែនេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង០៧និង៥០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ជិតផ្លូវបេតុង បត់ចូលផ្សារចាក់អង្រែ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បើតាមបងស្រីដែលជាម្ចាស់ផ្ទះបានប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ គេឃើញផ្ទះលក់ចាប់ហួយកើតហេតុខាងលើ កំពុងតែរើឥវ៉ាន់ទុកដាក់ ដើម្បីរៀបចំតុមកដាក់សែនព្រះខែ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9807 បើកបរដោយបុរសស្រវឹងស្រាម្នាក់ រួមដំណើរដោយក្មេងតូចម្នាក់ និងបុរសមាឌធំម្នាក់ទៀត ត្រឡប់មកពីជួបជុំបងប្អូននៅខេត្តស្វាយរៀង លុះដល់ចំណុចកើតហេតុ ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន តែអ្នកបើកបរងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ចាប់ហួយនោះ បណ្ដាលឲ្យបាក់សរសេរផ្ទះអស់មួយដើម ហើយកង់រថយន្ត កល់ជាប់កង់ឆ្វេងខាងក្រោយ ទើបបើកទៅមុខលែងរួច និងមិនបណ្ដាលឲ្យរងរបួសនោះទេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះកើតហេតុ ប្រញាប់ប្រញាល់ចេញមក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែម្ចាស់រថយន្តបង្កបានសុំដោះស្រាយ ដោយព្រមសងការខូចខាតចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង និងហៅបងប្អូនប្រជាពលរដ្ឋជួយលើករំកិលឡើងមកលើថ្នល់វិញ ។


ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តបានអរគុណបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលបានជួយសម្រួលចរាចរណ៍ និងជួយលើករំកិលរថយន្តគាត់ ហើយឡើងរថយន្តបើកបន្តដំណើរទៅមុខបាត់ ៕
