Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូប ពីប្រជាពលរដ្ឋបានហើយ តែរត់មិនរួច ។ ករណីនេះ កើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងជើងផ្សារអុី អន២ លើផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ម៉ៅ ទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះទេ (រត់រួចខ្លួន) ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៃ ពៅ ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅម្តុំផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ និងម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ។

ប្រពភពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកZOOMCR ពណ៌ខ្មៅ លាយក្រហម អត់ស្លាកលេខ ជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង បំណងចូលទៅផ្សារអុីអន២ លុះដល់ផ្លូវចូល នាងក៏បង្អង់ល្បឿនបម្រុងបត់ឆ្វេង ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា BeAT ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GO.5857 ជិះមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់យកកាបូប ធ្វើឲ្យនាងដួលម៉ូតូរងរបួសស្រាល ។

ប្រភពបន្តថា ពេលនោះនាងបានស្រែកថា ចោរៗ ហើយជនសង្ស័យបានព្យាយាមបើកម៉ូតូរត់ ប៉ុន្តែត្រូវអ្នកដំណើរឃើញសភាពបែបនេះ ក៏បើករថយន្តដេញកៀរបណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ទើបពលរដ្ឋនាំគ្នាចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់រួច ។

នារីរងគ្រោះបានប្រាប់ថា នៅក្នុងកាបូបដែលជនសង្ស័យឆក់មិនបានសម្រេចនោះ មានលុយតិចតួចប៉ុណ្ណោះ និងមានទូរស័ព្ទដៃ១គ្រឿង និងកាតអេធីអឹមផងដែរ ។

ក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចដែលល្បាតនៅទីនោះ ចុះមកដល់បាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងចោទប្រកាន់ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​តាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor