តុលាការកំពូលបានជំនុំជម្រះ លោក នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ នៅកម្ពុជា (អាដហុក) ពីបទបរិហាកេរ្តិ៍ជាសាធារណៈ បរិហាបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការ អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ យោងតាមការចុះផ្សាយរបស់អង្គការលីកាដូ (Licadho)។
ក្នុងសវនាការតុលាការកំពូលនៅព្រឹកនេះ មិនមានវត្តមានរបស់ដើមបណ្តឹង និងមេធាវីរបស់ដើមបណ្តឹងនោះទេ។ នេះជាការបដិសេធនូវសិទិ្ធរបស់ជនជាប់ចោទ ក្នុងការតទល់ជាមួយភាគីដើមបណ្តឹងដោយផ្ទាល់ ដែលស្ថានភាពនេះ ក៏បានកើតមានឡើង នៅក្នុងសវនាការសាលាដំបូងផងដែរ។
សិទិ្ធរបស់លោក នី ចរិយា ក្នុងការរៀបចំ និងការពារក្តីលើសំណុំរឿងរបស់លោក មុនពេលជំនុំជម្រះ និងនៅក្នុងពេលសវនាការសាលាឧទ្ធរណ៍ ក៏ត្រូវបានគេអះអាងថា បានរំលោភបំពានផងដែរ ពីព្រោះលោកត្រូវបានជាប់ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការពីបទល្មើសផ្សេងទៀតដែល ត្រូវបានគេអះអាងថា ជាសំណុំរឿងនយោបាយ ពាក់ព័ន្ធនឹងបទសមគំនិតនៅក្នុងរឿង សូកប៉ាន់សាក្សី។ សាលដីកាក្នុងសំណុំរឿងនេះ នឹងត្រូវប្រកាស នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក។
សូមបញ្ជាក់ថាបណ្តឹងនេះ ត្រូវបានធ្វើឡើង យោងទៅលើការធ្វើអត្ថាធិប្បាយ របស់លោកនី ចរិយា នៅឯសន្និសីទសារព័ត៌មានមួយ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ ទៅលើភាពមិនប្រក្រតី លើនីតិវិធីច្បាប់ ក្នុងការដោះស្រាយ ជំលោះដីធ្លីមួយ និងអំពាវនាវសុំ ឱ្យមានការដោះលែង ជនរងគ្រោះដីធ្លី ចំនួនពីររូបពីពន្ធនាគារ។
គួររំលឹកថា៖ លោក នី ចរិយា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស កាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយយោងតាមមាត្រា៣០៥ ៣១១ និង ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា ក្រោយពីទទួលបណ្តឹងពីចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។