ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំប្រចាំខែសីហានេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យរដ្ឋបាលសាលាខណ្ឌមានជ័យ ចេញលិខិតផ្អាកអាជីវកម្ម ហាងពិភពសាច់អាំង ១៦៨ សាខាស្ពានដែក ដែលគ្មានច្បាប់អនុញ្ញាតអាជីវកម្ម និងបង្កហានីភ័យគ្រោះថ្នាក់ចរាចរណ៍ បង្កផលប៉ះពាល់ និងបាត់សណ្តាប់ធ្នាប់សាធារណៈ។
លោក អែម សុវីរះ ប្រធានការិយាល័យរដ្ឋបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ខាងរដ្ឋបាលសាលាខណ្ឌ កំពុងតែរៀបចំចេញលិខិតជូនដំណឹងដល់ម្ចាស់ហាងហើយនៅថ្ងៃនេះ។ ចំពោះការចេញលិខិតឲ្យផ្អាកអាជីវកម្មនេះ គឺធ្វើឡើងក្រោមបញ្ជាផ្ទាល់មាត់របស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យតែម្ដង នៅក្នុងកិច្ចប្រជុំប្រចាំខែសីហា កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ដោយឡែក ពាក់ព័ន្ធនិងការចេញលិខិតផ្អាកអាជីវកម្មហាងពិភពសាច់អាំង ១៦៨ សាខាស្ពានដែកខាងលើនេះ លោកក៏មិនបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុជាក់លាក់ណាមួយឡើយ ដោយលោកបានបង្វែសំណួរនេះឲ្យទៅសួរលោក ប្រាង សុផល ជានាយកដ្ឋបាលខណ្ឌ ហើយលោកក៏បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា បញ្ហានេះលោកពុំបានដឹងអំពីមូលហេតុអ្វីជាក់លាក់នោះទេ។ លោកថា លោកទើបតែមកចូលកាន់តំណែងថ្មី ជានាយករដ្ឋបាលនៅសាលាខណ្ឌនេះ ហេតុដូច្នេះលោកមិនអាចឆ្លើយបានទេ។
ដោយឡែក លោកចៅសង្កាត់ស្ទឹងមានជ័យទី២ ក៏បានអះអាងតាមទូរស័ព្ទថា បញ្ហានេះលោកក៏មិនដឹងច្បាស់ផងដែរថា កាលពីម្ចាស់ទីតាំងហាងសាច់អាំង១៦៨នេះ ចាប់ផ្តើមជួសជុល គឺខាងអាជ្ញាធរសង្កាត់ ក៏បានចុះឲ្យផ្អាកដោយតម្រូវឲ្យទៅសុំច្បាប់អនុញ្ញាតសិន ហើយលោកក៏បានរាយការណ៍ទៅអភិបាលរងខណ្ឌជាហូរហែផងដែរ។ ហើយក៏មានការចូលរួមពីខាងទេសចរណ៍ខណ្ឌដែរ។ ដល់ក្រោយមកក៏ឃើញហាងនេះ បើកដំណើរការលក់ដូរជាធម្មតាដល់សព្វថ្ងៃនេះ។
លោកចៅសង្កាត់បន្តថា ម្ចាស់ហាងក៏បានទៅព្យាយាមសុំជួបអភិបាលខណ្ឌដែរ តែគាត់មិនបានជួប ហើយកាលណោះម្ចាស់ហាងនេះក៏បានមកសុំសង្កាត់តាមរយៈមេប៉ុស្តិ៍ មិនដឹងថាហាងនេះមានច្បាប់ហើយឬនៅ។
តាមការបំភ្លឺពីលោកម្ចាស់ហាង ក៏បានឲ្យដឹងថា លោកបានទិញប្រេនពីហាងសាច់អាំង១៦៨ ហើយគេធានារត់ច្បាប់ឲ្យលោកគ្រប់យ៉ាង។ លោកថា លោកបានឲ្យគេម្នាក់នៅខណ្ឌនឹងរត់ការឲ្យ តែមិនដឹងជាយ៉ាងម៉េចបានជាកើតបញ្ហាបែបនេះ។ លោកថា ដើមឡើយទីតាំងនេះជាស្ថានីយលក់ប្រេង ហើយលោកបានជួលទីតាំងនេះក្នុងតម្លៃជាង១ពាន់ដុល្លារ លោកបានជុសជុលកែលម្អហាងនេះ អស់ជិត២០ម៉ឺនដុល្លារ ចុះកុងត្រាជួលរយៈពេល៨ឆ្នាំ។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានបញ្ជាក់ប្រាប់ថា ហាងពិភពសាច់អាំង១៦៨ ត្រង់ចំណុចស្ពានដែកនេះ គឺគ្មានច្បាប់អនុញ្ញាតអាជីវកម្មទេ និងបង្កហានីភ័យគ្រោះថ្នាក់ចរាចរណ៍ និងបង្កផលប៉ះពាល់បាត់សណ្តាប់ធ្នាប់សាធារណៈ៕