អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សេចក្ដីរាយការណ៍ពីពន្ធនាគារព្រៃស បានឲ្យដឹងថា ទណ្ឌិតជនល្បីម្នាក់ ឈ្មោះ ហង្ស វុទ្ធី ហៅ “យមរាជ” ជាជនជាប់ចោទនៅក្នុងរឿងក្ដីឃាតកម្មជាច្រើន នៅក្នុងសម័យកាលលោក ហេង ពៅ ធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្លាប់ហើយ ដោយរោគារពាធ នៅឯមន្ទីរពេទ្យក្នុងពន្ធនាគារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ។

នៅថ្ងៃនេះផងដែរ មានគណនីហ្វេសប៊ុកមួយ មានឈ្មោះថា HENG NICH ប្រើប្រាស់ដោយស្ត្រីឈ្មោះ សុខ សុភ័ណ្ឌ ដែលអះអាងថា ជាប្អូនស្រីទី២ របស់ “យមរាជ” ក៏បានបង្ហោះសារថា ហង្ស វុទ្ធី ហៅ យមរាជ បានស្លាប់កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ស្ត្រីឈ្មោះ សុខ សុភ័ណ្ឌ ក៏បានអំពាវនាវសុំយកសពរបស់ ហង្ស វុទ្ធី មកធ្វើបុណ្យនៅស្រុកកំណើត ដើម្បីឲ្យបងប្អូនបានឃើញមុខជាលើកចុងក្រោយ។

សូមបញ្ជាក់ថា នៅក្នុងការតស៊ូតាមផ្លូវច្បាប់នៅតុលាការនានាទីចុងក្រោយ តុលាការគ្រប់ជាន់ថ្នាក់នៅតែតម្កល់ទោសឲ្យ ហង្ស វុទ្ធី ហៅ យមរាជ មានពិរុទ្ធនៅក្នុងរឿងក្ដីឃាតកម្មជាច្រើន។

គួររំឭកថា បន្ទាប់ពីរត់គេចខ្លួនបាត់ដំណឹងសូន្យឈឹង អស់រយៈពេលជិត៧ឆ្នាំ ឧក្រិដ្ឋជនល្បីឈ្មោះ ហង្ស វុទ្ធី ហៅ ទិវា១៦ និងមានរហស្សនាម “យមរាជ” បានចេញមុខមកសារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចនាំយកទៅដាក់នៅពន្ធនាគារវិញ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ដោយបានពឹងពាក់មេធាវីរបស់ខ្លួន គឺលោក កៅ ស៊ូផា ឲ្យជូនទៅកាន់ទីស្នាក់ការអង្គការសិទ្ធិមនុស្សអាដហុក ដើម្បីជួយដល់រូបគេ មុននឹងប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ច នាំទៅដាក់ពន្ធនាគារវិញ។

នៅពេលជួបអ្នកកាសែតដំបូង ហង្ស វុទ្ធី បានប្រាប់អ្នកកាសែតថា មូលហេតុដែលខ្លួនចេញមុខមកសារភាពនោះ គឺដើម្បីចង់បាននូវភាពយុត្ដិធម៌ និងចង់ឲ្យប្រព័ន្ធយុត្ដិធម៌ សើរើរឿងក្ដីរបស់ខ្លួនឡើងវិញ ហើយក៏ដើម្បីជាការបញ្ជាក់ថា ការរត់ចេញពីពន្ធនាគារកន្លងមក គឺមិនមែនជាចេតនារបស់ខ្លួននោះទេ តាមពិតគឺខ្លួនរត់ចេញទៅតាមការគំរាមកំហែងពីអ្នកជាប់ឃុំឃាំងក្នុងបន្ទប់ជាមួយចំនួន៤នាក់ ដែលជាក្រុមចោរលួច ចោរប្លន់ ហើយពួកគេធ្វើសកម្មភាពអារចង្រឹងបង្អួច ដើម្បីរត់គេចខ្លួន។

ឧក្រិដ្ឋនជន ហង្ស វុទ្ធី បានបន្ដថា ការចូលសារភាពនេះ គឺចង់ឲ្យសើរើរឿងនេះឡើងវិញ ហើយបើមានភស្ដុតាង និងសាក្សីត្រឹមត្រូវ សូមឲ្យដាក់គុកដល់រូបគេអស់មួយជីវិតចុះ។ ក្នុងនោះ ឧក្រិដ្ឋជន ហង្ស វុទ្ធី បានអះអាងថា បើរូបគេនៅបន្ដរត់គេចខ្លួនទៀត វានៅតែអយុត្ដិធម៌មួយជីវិត ហើយការចេញមុខមកនេះ ដើម្បីបញ្ជាក់ថា ទី១- រូបគេមិនបានអារគុករត់ចេញនោះទេ និងទី២- ការចោទមកលើរូបគេថា ជាឃាតកសម្លាប់អ្នកនេះសម្លាប់អ្នកនោះ គឺជារឿងមិនពិតទេ ដូចនេះ រូបគេទាមទារឲ្យមានសាក្សី និងកាត់ទោសសាជាថ្មី ហើយបើមានមែនសូមឲ្យយករូបគេទៅធ្វើអ្វីក៏ធ្វើទៅ។

ក្រៅពីការអះអាងខាងលើ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏ធ្វើការអំពាវនាវសូមឲ្យអ្នកកាសែត អង្គការសិទ្ធិមនុស្ស និងសមត្ថកិច្ចជួយរូបគេ កុំឲ្យមានការវាយដំទៅលើរូបគេតទៅទៀត ខណៈរូបគេត្រូវបាននាំទៅដាក់ពន្ធនាគារវិញនោះ។

ពាក់ព័ន្ធទៅនឹងការរត់ចេញពីគុក ឧក្រិដ្ឋ ជន ហង្ស វុទ្ធី បានរៀបរាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៦ មានជនល្មើសចំនួន៤នាក់ ដែលជាមុខសញ្ញាចោរ លួច ប្លន់ ជាប់គុកក្នុងបន្ទប់ជាមួយគ្នា រួមមានឈ្មោះ អាសឺង, អាយួន, អាវែង និងអាចាម បានរៀបគម្រោងអារចង្រឹងដែកបង្អួចគុករត់ ដោយប្រើរណាអារដែក។ ក្នុងនោះ ខណៈពួកវាធ្វើសកម្មភាព គឺពួកវាបានចាប់ខ្លួនចងដៃចងជើង និងយកក្រណាត់ញុកមាត់កុំឲ្យស្រែក ហើយពេលអារដាច់ ពួកវាម្នាក់ បានប្រើខ្សែចងសម្រូតចុះ រួចហើយឲ្យរូបខ្លួនចុះបន្ទាប់ និងបក្ខពួកវា៣នាក់ទៀត សម្រូតចុះជាបន្ដបន្ទាប់ទាល់តែអស់។ ពេលចុះដល់ដី ស្រាប់តែមានរថយន្ដមួយគ្រឿង បើកមកទទួល ហើយអ្នកនៅក្នុងរថយន្ដ ថែមទាំងស្រែកហៅចំឈ្មោះ យមរាជ ថែមទៀតផង។ បន្ទាប់ពីជិះរថយន្ដរត់គេចខ្លួនចេញផុត ពួកគេក៏បែកគ្នាអស់ទៅ ហើយខ្លួនបានធ្វើដំណើរទៅកាន់ខេត្ដកំពត ចុងក្រោយទៅស៊ីឈ្នួលអូសបង្គា ដើម្បីយកលុយដោះស្រាយជីវភាព ហើយបន្ទាប់មកទៀត គេចខ្លួនទៅកាន់តំបន់ប៉ោយប៉ែត ស៊ីឈ្នួលអូសរទេះគេជាហូរហែ រហូតដល់ចុងក្រោយនេះ ទើបសម្រេចចិត្ដចូលខ្លួនមកសារភាព ហើយខណៈចូលខ្លួនមកនេះ គឺរូបគេមិនមានអ្វីជាប់នឹងខ្លួននោះទេ ហើយដាច់បាយដាច់ទឹកទៀតផង។

ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវតុលាការចោទប្រកាន់ និងធ្វើការផ្ដន្ទាទោសក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើនករណី និងមានឧក្រិដ្ឋជនជាច្រើននាក់ ដែលរួមមាន ហេង ពៅ ជាមេខ្លោង និងបក្ខពួកជាច្រើនទៀត ដូចជា លី រ៉ាស៊ី, អ៊ុ សំខេង និង ហង្ស វុត្ថា ជាប្អូនប្រុស…ជាដើម។

ក្នុងឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងករណីបាញ់សម្លាប់មន្ដ្រីក្រុមហ៊ុនអគ្គិសនីកម្ពុជាម្នាក់ ឈ្មោះ គឹម ដាវុធ កាលពីខែវិច្ឆិកា ឆ្នាំ២០០៥ ឲ្យរងពិការអស់មួយជីវិត ដោយសំណុំរឿងខាងលើនេះ បានសម្រេចដាក់ទោស ហេង ពៅ, អ៊ុ សំខេង និង ហង្ស វុទ្ធី ឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ម្នាក់ៗ និងរួមគ្នាសងទៅជនរងគ្រោះ ចំនួន៨០ម៉ឺនដុល្លារ។

ក្រៅពីសំណុំរឿងនេះ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងជាច្រើនទៀត ដូចជាករណីឃាតកម្មបាញ់សម្លាប់លោកចៅក្រម សុក សេដ្ឋាមុន្នី និងករណីប៉ុនប៉ងសម្លាប់មន្ដ្រីជាន់ខ្ពស់កងរាជអាវុធហត្ថ និងមន្ដ្រីព្រះរាជអាជ្ញាមួយចំនួនទៀតផងដែរ តែពេលចូលសារភាព ហង្ស វុទ្ធី បានធ្វើការបដិសេធចោលទាំងអស់។

ដោយមកជាមួយកូនប្រុស ម្ដាយវ័យចំណាស់របស់ឧក្រិដ្ឋជន ហង្ស វុទ្ធី បានលើកដៃធ្វើការអំពាវនាវសុំឲ្យព្រះមហាក្សត្រ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មេត្ដាជួយរកយុត្ដិធម៌ដល់កូនប្រុសរបស់លោក និងសុំកុំឲ្យគេធ្វើបាបតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor