
ភ្នំពេញៈ រថយន្ដដឹកអន្ទាដែកដ៏ធំមួយ បានបើកទាក់ជាមួយប៉ាណូដាក់កាត់ទទឹងផ្លូវ បណ្ដាលឲ្យធ្លាក់ សំណាងល្អមិនបង្កឲ្យមានរបួសនោះទេ។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចទល់មុខទីតាំងផ្ទះហ្គេមបាញ់ត្រី២៤ម៉ោង(ដុះស្លែ) ជិតច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។



ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដកុងទីន័រ មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 3A-3760 ដោយមានដឹកអន្ទាដែក បានធ្វើដំណើរពីស្ពានអាកាសក្បាលថ្នល់ ចុះមកច្រមុះជ្រូកក្បាលថ្នល់ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចណុចកើតហេតុ ក៏បានទាក់ជាមួយប៉ាណូដាក់ទទឹងផ្លូវ បណ្ដាលឲ្យអន្ទាដែកធ្លាក់មកលើផ្លូវ ព្រមទាំងធ្វើឲ្យប៉ាណូរងការខូចខាតផងដែរ សំណាងល្អមិនបង្កឲ្យបងប្អូនប្រជាពលរដ្ឋរងរបួសគ្រោះថ្នាក់។



ក្រោយកើតហេតុកៃកុងរថយន្ដបានបើកទៅមុខប្រហែលជា២០ម៉ែត្រ ក៏បានឈប់និងចង់ស្ទួចអន្ទាដែកដែលធ្លាក់យកទៅខ្លួនឯង តែសមត្ថកិច្ចបានចុះមកដល់កន្លែង ដោយឃើញមានការខូចខាតដល់ទ្រព្យសម្បត្ដិរដ្ឋ ក៏ឃាត់រថយន្ដទុក ដើម្បីយកទៅស្នងការចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕


