
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា សម្តេចមិនដែលស្អប់អាមេរិកនោះឡើយ ប៉ុន្តែស្អប់អ្នកដែលឈ្លានពានកម្ពុជាតែប៉ុណ្ណោះ។ ប្រតិកម្មសម្តេចតេជោ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនដែលថា សម្តេចប្រហែលជាមិនស្វាគមន៍កីឡាការិនី ខាន់ ចេសា នោះឡើយ ពីព្រោះកញ្ញាមានសញ្ជាតិអាមេរិក។

នាជំនួបជាមួយជ័យលាភីមេដាយមាសកីឡាអាស៊ី កីឡាការនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ នាវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថាសម្តេចមិនដែលមានចិត្តស្អប់ប្រជាជនអាមេរិកឡើយ ប៉ុន្តែលោកស្អប់អតីតមេដឹកនាំ ដូចជាលោក Richard Nixon និង Henry Kissinger ជាដើម ដែលបានបំពាននៅកម្ពុជា។
សម្តេច បន្ថែមផងដែរថា កូនរបស់សម្តេចយ៉ាងហោចណាស់ពីរនាក់ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី សុទ្ធតែបានទៅសិក្សានៅអាមេរិក។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជ័យលាភីមេដាយមាសកីឡាការិនី ខាន់ ចេសា ទទួលបានថវិកាពីរដ្ឋ ៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ។ ចំណែក ឯកីឡាករ សាលី អ៊ូមើត ទទួលបានថវិកាពីរដ្ឋចំនួន ១០៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន ១៣០០០ ដុល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និង ថវិការសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ។
