អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកសារព័ត៌មានម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ខណៈពេលកំពុងជិះម៉ូតូបានដួលដោយខ្លួនឯងដ៏គួរឲ្យរន្ធត់ ហើយបង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ឡើងកាល​ពី​វេលាម៉ោង​ជាង​១១យប់ ​ថ្ងៃ​អង្គារ៍ ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ ត្រង់ចំណុចមុខ​ជិត​ស្នងការដ្ឋាន​នគរបាល​ក្រុង តាម​បណ្ដោយ​ផ្លូវ​​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរះ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ​។

​ប្រភព​ពី​កន្លែង​កើត​ហេតុ ​ប្រាប់ឲ្យ​​ភ្នាក់ងារ​ខេមប៉ុស្តិ៍​ដឹងថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់ បើកម៉ូតូមួយគ្រឿងតែម្នាក់ឯង ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ស្រាប់តែ​ដួល​ម៉ូតូ បណ្ដាលឲ្យបុរសរូបនោះ បោក​ក្បាល​ទៅហ្នឹង​ថ្នល់​ពេញទំហឹង​ ទាំងមួកការពារសុវត្ថិភាពក៏ពាក់មិនជាប់ ធ្វើឲ្យបែកក្បាលហូរ​ឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​តែ​ម្ដង​។

សមត្ថកិច្ចឲ្យដឹងថា ជន​រងគ្រោះ​ឈ្មោះ​ សេង​ ខេមរិទ្ធ​ មុខរបរ​អ្នក​យក​ព័ត៌មាន​ បម្រើការឲ្យ​អង្គភាព​កាសែត​អំណាច​រាស្ត្រ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ​​ ដែលមធ្យោបាយ​ធ្វើ​ដំណើរ​ម៉ូតូ​ម៉ាក​ PCX​ ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1GI-0423។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យ រួចយកសពទៅតម្កល់ធ្វើ​បុណ្យ​តាមប្រពៃណីនៅវត្តទឹកថ្លា។ ចំណែកឯ​ម៉ូតូ​​របស់ជនរងគ្រោះវិញ ត្រូវ​សមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង ​ដើម្បី​រង់ចាំសាច់ញាតិយកឯកសារមកទទួលម៉ូតូទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor