
នាយឧត្តមសេនីយ៍ មាស សុភា បានសុំលាលែងពីតំណែងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដើម្បីទៅកាន់តំណែងដើមវិញ ក៏មិនទាន់អាចវិលមកកាន់តួនាទីជាមេបញ្ជាការកងទ័ពជើងគោកឡើយ។ នេះបើតាមឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ តំណែងរបស់នាយឧត្តមសេនីយ៍ មាស សុភា នឹងលេចចេញជារូបរាង នៅក្រោយពេលរដ្ឋាភិបាលថ្មីកើតឡើង ពោលគឺនៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ។ ឯកឧត្តម ឈុំ សុជាតិ បានបន្ថែមថា៖ រង់ចាំមើលក្រោយថ្ងៃទី៦ ខែកញ្ញា យើងនឹងឃើញទាំងអស់គ្នា។
សូមរំលឹកថា នាយឧត្តមសេនីយ៍ មាស សុភា បានសុំព្យួរតំណែងជាមេបញ្ជាការកងទ័ពជើងគោក ហើយទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តព្រះវិហារសម្រាប់នីតិកាលទី៦។ ប៉ុន្តែក្រោយពីជាប់ជាតំណាងរាស្រ្តរួចមក លោកបានសម្រេចចិត្តបោះបង់តំណែងជាតំណាងរាស្ត្រនេះវិញ។ លោក សួស យ៉ារ៉ា ជាអ្នកជំនួសតំណែងតំណាងរាស្រ្តនេះ។
ដោយឡែកបេក្ខជនតំណាងរាស្ត្រពីររូបទៀត គឺនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលចេញទៅឈរឈ្មោះដូចនាយឧត្តមសេនីយ៍ មាស សុភា ដែរនោះ មិនទាន់ដាក់ពាក្យសុំលាលែងពីតំណែងតំណាងរាស្រ្តនៅឡើយទេ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមរំលឹកថា ឯកឧត្តម សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទជំនួលនាយឧត្តមសេនីយ៍ ប៉ុល សារឿន ចំណែកឯ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោកជំនួសនាយឧត្តមសេនីយ៍ មាស សុភា និងត្រូវបានតែងតាំងជានាយសេនាធិការចម្រុះស្តីទីនៃកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ គន់ គីម។