header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យកាន់ដាវសាំម៉ូរ៉ៃ ដើរសម្ញែង (កាន់កាប់អាវុធខុសច្បាប់) និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងយកសាំងច្រក លួចទៅដុតផ្ទះគេ ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាពរកឃើញ សរុបទាំងអស់៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ បង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែង ដោយដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន ក្នុង៣ករណីផ្សេងគ្នា។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ របស់លោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ការបង្ក្រាបជនសង្ស័យទាំង៥នាក់ ខាងលើនេះ គឺបានអនុវត្តឡើងជាក់ស្ដែងនូវ៣ទីតាំងផ្សេងគ្នា ដោយប្រតិបត្តិការនេះ ក្នុងករណីទី១ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុម១០ ភូមិសាមគ្គី បន្ទាប់ពីកាន់ដាវសាំម៉ូរ៉ៃដើរសម្ញែង យកមកពិនិត្យបានរកឃើញមានសារធាតុញៀនក្នុងខ្លួន និងដកហូតបានដាវសាំម៉ូរ៉ៃ២ដើម។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ទៀតថា ករណីទី២ (យកសាំងដុតផ្ទះធ្វើឲ្យខូចខាតដោយចេតនា) មានជនរងគ្រោះឈ្មោះ អ៊ុន គ្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១៤ ភូមិសាមគ្គី បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នឿន គង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដើម្បីយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី ក្រោយពីផ្ទុះហេតុការណ៍មានភ្លើងឆេះកើតឡើងនៅចំមាត់ទ្វារផ្ទះរបស់គាត់ត្រឹមមួយចំអិនកំពិសប៉ុណ្ណោះ ហើយឆែកកាមេរ៉ាសុវត្ថិភាព បានស្គាល់មុខជនសង្ស័យខាងលើ ដកហូតបានវត្ថុតាងដូចជា ដបទឹកសុទ្ធច្រកសាំងចំនួន១, កម្ទិចកាដុងជរ័ច្រកសាំងមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ករណីទី៣ នៅថ្ងៃខែឆ្នាំដដែលនេះ កម្លាំងនគរបាលរបស់លោកបានឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់បន្ថែមទៀត ដកហូតបានឧបករណ៍បម្រើឲ្យសកម្មភាពមួយចំនួន នៅត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី ក្នុងនោះទី១-ឈ្មោះ ខ្លូត ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ទី២-ឈ្មោះ តាញ វ៉ាន់យ៉េត ហៅអូពី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្លឹប ស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី៣-ឈ្មោះ ឃិត សំរេច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោកអធិការខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធកាន់កាប់អវុធខុសច្បាប់, ប្រើប្រាស់គ្រឿងញៀន, និងយកសាំងដុតផ្ទះធ្វើឲ្យខូចខាតដោយចេតនា ទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post