ខណៈដែលសម្តេចកំពុងតែចូលរួមក្នុងកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងថ្លែងសន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។ នៅខាងក្រៅអគារ ក៏មានបាតុកម្មប្រឆាំងនឹងវត្តមានរាជរដ្ឋាភិបាលក្រុងភ្នំពេញ ដែលមាន សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ក្នុងបាតុកម្មនោះ ក៏មានវត្តមានលោក អ៊េង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្គ្រោះជាតិ។
ថ្លែងនៅក្នុងបាតុកម្មនោះ លោក អ៊េង ឆៃអ៊ាង អះអាងថាមិនអាចទទួលយករដ្ឋាភិបាលលោក ហ៊ុន សែន ទេពីព្រោះកើតឡើងរដ្ឋាភិបាលនេះកើតចេញពីការបោះឆ្នោតក្លែងក្លាយ មិនស្របតាមគោលការប្រជាធិបតេយ្យ មួយវិញទៀត គឺអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិកុំឱ្យទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ហើយត្រូវតែទាញលោក ហ៊ុន សែន ឱ្យមកគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
អតីតអនុប្រធានបក្សប្រឆាំងបន្តថា៖ ប្រជាពលរដ្ឋខ្មែរខ្លះបានរស់នៅប្រទេសមានសេរីភាពហើយ គាត់អត់នាំគ្នាទៅតម្រង់ទិសលោក ហ៊ុន សែន បែរជាទៅអបអរសាទរលោក ហ៊ុន សែន ដែលបានធ្វើបាបប្រជាពលរដ្ឋ។
លោក អ៊េង ឆៃអ៊ាង បានសរសេរក្នុងហ្វេសប៊ុកថា៖ បាតុកម្មរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និង កាណាដា ប្រឆាំងរបបលោក ហ៊ុន សែន នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៨/០៩/២០១៨ ។
សូមបញ្ជាក់ថា កិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាយើងជាអនុប្រធាននៃកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នេះជាកិច្ចសម្ភាសន៍រវាងលោក អ៊េង ឆៃអ៊ាង ជាមួយវិទ្យុសហរដ្ឋអាមេរិក VOA ក្នុងបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប្រឆាំងនឹងរបបលោក ហ៊ុន សែន នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ៖