ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីស្ថានទូតចិនប្រចាំកម្ពុជា ថាមានជនជាតិម្នាក់ ត្រូវបានគេចាប់បង្ខាំងទុកក្នុងបន្ទប់ នៅផ្ទះសំណាក់ហ៊ូប៉ី ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានដំណឹងនេះ និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់៤ បានចុះប្រតិបត្តិការណ៍រំដោះបានជនរងគ្រោះចំនួន០២នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានឱ្យដឹងថា ជនរងគ្រោះទាំង០២នាក់នោះ គឺទី១ ឈ្មោះ ZENG WEI HUI ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងទី២ ឈ្មោះ ZHA REN QIANG ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
ចំណែកឯជនសង្ស័យ ដែលឃាត់ខ្លួនបានឈ្មោះ HU BIAO ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ XIONG LING ភេទប្រុស អាយុ៣០ឆ្នាំ។
ជាមួយគ្នានោះដែរ កម្លាំងនគរបាលជំនាញដកហូតបាន ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE X ទីបជ័រ០២ដើម លិខិតខ្ចីប្រាក់ជាភាសាចិន មានផ្តិតមេដៃ០១ច្បាប់ សៀវភៅកំណត់ហេតុ ០១ក្បាល ប៉ុងផ្តិតមេដៃ ០១ និងឯកសារពាក់ព័ន្ធមួយចំនួន។
បើតាមរបាយការណ៍ដដែលបានឱ្យដឹងថា៖ ដោយសារជនរងគ្រោះបានទៅលេងល្បែងនៅកាស៊ីណូ ហើយបានខ្ចីកាក់ពីក្រុមជនសង្ស័យ ពេលគ្មានលុយសង ក្រុមជនសង្ស័យក៏បានយកជនរងគ្រោះទៅឃុំទុកក្នុងបន្ទប់ ដែលពួកគេស្នាក់នៅតែម្តង ដើម្បីឱ្យជនរងគ្រោះទាក់ទងទៅអ្នកផ្ទះ រកលុយសងពួកគេ ទើបពួកគេដោះលែងឱ្យមានសរីភាពវិញ។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមច្បាប់។